(ឡុងដ៍)៖ ក្រុមដែលកំពុងជួបវិបត្តិកាត់ចេញពីលីគអង់គ្លេស Premier League នារដូវកាលក្រោយ Sheffield United បានយកឈ្នះក្រុមខ្លាំង Manchester United ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Old Trafford នៃការចាប់ផ្តើមប្រកួតជើងទី២ សប្តាហ៍ទី២០។

Sheffield បរាជ័យ ៣-១ ក្នុងផ្ទះរបស់ខ្លួនពេលជួប Man Utd កាលពីជើងទី១ ដែលបានបង្អាក់ក្រុមលេខ២ មួយនេះឡើងទៅឈរនៅកំពូលតារាងវិញដែរ នៅពេលពួកគេចាញ់ Man City តែ ១ពិន្ទុប៉ុណ្ណោះ។

នេះក៏ជាជ័យជម្នះលើកទី២ របស់ Sheffield United ក្នុងចំណោម ២០ប្រកួតរបស់ពួកគេ ដែលទើបរកបាន ៨ពិន្ទុប៉ុណ្ណោះឈរនៅលេខរៀងទី២០ បាតតារាងនៃរដូវកាល Premier League នៅពេលដែលកីឡាករ Kean Bryan រកបានការនាំមុខនៅនាទីទី២៣ និងមិត្តរួមក្រុម Burke បន្ថែមគ្រាប់ជ័យជម្នះនៅនាទី៧៤ ខណៈខ្សែការពារ Harry Maguire រកបានតែ ១គ្រាប់នៅនាទី៦៤ ឲ្យក្រុមរបស់លោក Ole Gunnar Solskjaer ដែលកំពុងឈរលេខ២ បណ្តោះអាសន្នមាន ៤០ពិន្ទុ។

លោក Chris Wilder អ្នកចាត់ការទូទៅ Sheffield United ទើបរកបានជ័យជម្នះលើកទី២ ក្រៅពីស្មើ២ដង និងចាញ់កើនដល់ ១៦ប្រកួតក្នុងចំណោម ២០ប្រកួតនោះ មានភាពខុសប្លែកពីរដូវកាលមុនដែលក្រុមមួយនេះបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៩។ ១ប្រកួតបន្ទាប់ Sheffield ត្រូវប្រជែងទល់នឹងក្រុមកំពូលតារាង Premier League, Manchester City នាកីឡដ្ឋាន Etihad ចុងសប្តាហ៍នេះ៕