(ហ្សូរិច)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញពីកីឡដ្ឋានចំនួន ១២ទីតាំងផ្សេងគ្នា ដើម្បីរៀបចំព្រឹត្តិការណ៍ Euro 2020 ដែលត្រូវលើកមកប្រកួតនៅឆ្នាំ២០២១ ដោយក្នុងនោះអ្នកគាំទ្រក៏ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងទីលានផ្ទាល់ផងដែរ។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ នេះថា យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តង Euro 2020 នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដោយមាន ១២កីឡដ្ឋាននៅក្នុង ១២ទីក្រុងផ្សេងគ្នាផងដែររួមមាន London, Glasgow, Dublin, Amsterdam, Copenhagen, St Petersburg, Bilbao, Munich, Budapest, Baku, Rome និងទីក្រុង Bucharest។
សូមរំលឹកផងថា ដំបូងឡើយ Euro 2020 នេះគ្រោងរៀបចំឡើងនៅចន្លោះខែមិថុនា-កក្កដា ឆ្នាំទៅ តែក៏បានប្រកាសលើកពេលកាលខែមីនា ឆ្នាំ២០២០ ដោយសារជំងឺ Covid-19 បានកំពុងរាតត្បាតខ្លាំងទូទាំងសកលលោកក្នុងចំណោម ២៤ប្រទេសត្រៀមចូលរួម។
មួយវិញទៀត ដោយបារម្ភពីការចម្លងជំងឺតាមផ្លូវដង្ហើមខាងលើនេះ ក៏មានសមាជិកមួយចំនួនស្នើសុំមករៀបចំនៅតែ ១ទីតាំងវិញ តែត្រូវបានលោក Aleksander Ceferin ប្រធាន UEFA បដិសេធ៕