(ភ្នំពេញ)៖ ខ្សែការពារស្នូលរបស់ក្រុមវិសាខា ឆេង ម៉េង បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ សម្រាប់ការប្រកួតប្រជែងនារដូវកាលថ្មី បន្ទាប់ពីក្រុមខ្លួនរៀបចំបានប្រសើរជាងឆ្នាំមុនៗ ជាមួយទម្រង់លេងដ៏ច្បាស់លាស់ ពិសេសក្រោយចូលរួមប្រកួតពានរង្វាន់សប្បុរសធម៌ Siem Reap Charity Cup 2021 នៅខេត្តសៀមរាបនាពេលថ្មីៗនេះ។
កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិកម្ពុជារូបនេះបន្ដថា «ឆ្លងកាត់ការប្រកួតពានរង្វាន់សប្បុរសធម៌នេះ ខ្ញុំមើលឃើញក្រុមយើងធ្វើបានល្អ ទាំងកីឡាករថ្មី ទាំងកីឡាករចាស់ គឺសហការគ្នាបានល្អ ជារួមគឺរៀបចំបានល្អជាងឆ្នាំមុន ជាមួយទម្រង់លេងដ៏ច្បាស់លាស់។ ដូច្នេះសង្ឃឹមថារដូវកាលថ្មី ពួកយើងនឹងធ្វើបានល្អ និងផ្ដល់នូវអ្វីដែលអស្ចារ្យសម្រាប់អ្នកគាំទ្ររបស់យើង»។
វិសាខា ក្រោយចែកផ្លូវជាមួយកីឡាករវ័យក្មេងមួយចំនួន ដែលពុំសូវមានឱកាសបង្ហាញខ្លួនកាលពីរដូវកាលមុនមកទល់ពេលនេះ គេឃើញក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ ទើបនាំចូលកីឡាករថ្មី ៣រូបប៉ុណ្ណោះ រួមមានអតីតខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber, ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន និងអ្នកចាំទី អោម ឧត្តម។
សម្រាប់ការប្រកួតពានរង្វាន់សប្បុរសធម៌ និងលក្ខណៈមិត្តភាពនៅខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ វិសាខា គឺបានគ្រងជើងឯក មុនលីគកំពូលរដូវកាលថ្មី នឹងចាប់ផ្ដើមនាថ្ងៃទី០៦ ខែមីនាខាងមុខ ក្នុងនោះខ្សែការពារស្លាបឆ្វេង ឆេង ម៉េង ក៏រកបាន ២គ្រាប់ផងដែរ ដោយ ១គ្រាប់រកបានពេលវិសាខា ឈ្នះព្រះខ័នរាជស្វាយរៀង ២-១ និង ១គ្រាប់ទៀត រកបានពេលវិសាខា ឈ្នះអង្គរថាយហ្គឺរក្នុងលទ្ធផល ២-០៕