(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានប្រកាសឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ បានកើនឡើងខ្ពស់ ដោយ ក្នុងនោះកើនឡើងខ្លាំងជាងគេគឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន លក់ទំនិញតាមអនឡាញ ដែល សម្រុកផ្សព្វផ្សាយ ពាណិជ្ជកម្មនៅរដូវវិស្សមកាលចុងឆ្នាំតែម្ដង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនលក់រាយនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតបាននាំគ្នាផ្សព្វផ្សាយពីផលិតផលរបស់ពួកគេយ៉ាងខ្លាំងនៅរដូវវិស្សមកាលចុងឆ្នាំ ដោយក្នុងនោះពួកគេបាន ប្រើប្រាស់ Facebook ក្នុងការផ្សព្វផ្សាយ និងបានធ្វើឱ្យប្រាក់ចំណូលរបស់ Facebook កើនឡើងខ្លាំងផងដែររ។
របាយការណ៍ហិរញ្ញវត្ថុបឋមរបស់ Facebook ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម មានចំនួន ២៨.០៧ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ៣៣ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ខណៈដែល ប្រាក់ ចំណេញសុទ្ធមាន ចំនួន ១១.២២ពាន់លានដុល្លារ។
គួរបញ្ជាក់ផងដែរថា បណ្ដាញសង្គមយក្សមួយនេះ បានប្រកាសថាចំនួនអ្នកប្រើប្រាស់ជាប្រចាំខែបានកើនឡើងដល់ ២.៨០ពាន់លាននាក់ ពោល គឺកើនឡើង ១២ភាគរយ៕