(បារីស)៖ អ្នករៀបចំមហោស្រពដ៏ធំមួយរបស់ពិភពលោក «Cannes Film Festival» បានប្រកាសថា សម្រាប់ព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០២១ នឹងពន្យារពេលរហូតដល់ខែកក្កដា ត្បិតការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
កាលពីឆ្នាំមុន ព្រឹត្តិការណ៍នេះត្រូវបានពន្យារពេលម្តងរួចទៅហើយ ដោយជំនួសមកវិញនូវការចាក់ផ្សាយកម្មវិធីមួយចំនួនផ្សេងទៀត ដូចជាការចាក់បញ្ចាំងនូវខ្សែភាពយន្តខ្នាតខ្លី នៅអំឡុងខែតុលា ប៉ុន្តែគ្មានការចូលរួមពីតារាភាពយន្ត អ្នកនិពន្ធ និងអ្នកដឹកនាំឡើយ។
អ្នករៀបចំព្រឹត្តិការណ៍នេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា មហោស្រពភាពយន្ត «Cannes Film Festival» នឹងរៀបចំឡើងចាប់ពីថ្ងៃទី៦ដល់១៧ ខែកក្កដា ខណៈជាទូទៅតែងតែរៀបចំឡើង នៅក្នុងខែឧសភា ពោលគឺត្រូវបានរំកិល២ខែ នៃគម្រោងរាល់ឆ្នាំ។
យើងអាចនិយាយបានថា ដោយសារតែវិបត្តិកូវីដ១៩ ដែលបានរឹងបន្តឹងការជួបជុំ គឺបានធ្វើឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំធំៗលើពិភពលោកជាច្រើន ត្រូវបានលុបចោល ឬពន្យារពេល។ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អូស្ការ កាលពីឆ្នាំ២០២០ ត្រូវបានពន្យារពេលជាច្រើនសារ ខណៈឆ្នាំ២០២១នេះ ក៏ត្រូវបានរាយការណ៍មកថា អាចនឹងពន្យារពេលផងដែរ។
គួររំឭកថា មហោស្រពភាពយន្ត «Cannes Film Festival» ឬមហោស្រពភាពយន្ត អន្តរជាតិ ក្រុង កាន (Cannes នៅ ប៉ែក ខាង ត្បូង ប្រទេសបារាំង) គឺជាមហោស្រពភាពយន្តដ៏ធំនិងចំណាស់មួយលើពិភពលោក ដែលមានអាយុកាល៧៤ឆ្នាំមកហើយ ពោលគឺត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៤៦ មកម្ល៉េះ។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅអំឡុងខែឧសភា ដោយមានការចូលរួមបង្ហាញស្នាដៃភាពយន្តឯកសារល្បីៗធំៗមកពីជុំវិញពិភពលោក៕