(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានសហការជាមួយរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញ ដើម្បីផ្តល់នូវសេវាទូទាត់វិក្កយបត្រថ្លៃប្រមូលសំរាមនិងសំណល់រឹងប្រកបដោយភាពងាយស្រួល ដែលជាផ្នែកមួយនៃការពង្រីកសេវារបស់ខ្លួនជូនដល់អតិថិជន បន្ថែមពីលើសេវាទូទាត់វិក្កយបត្រអគ្គិសនី វិក្កយបត្រទឹក វិក្កយបត្រសិក្សាសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។
អតិថិជនប្រាសាក់ទាំងអស់ នឹងអាចទូទាត់ថ្លៃសេវាប្រមូលសំរាមតាមរយៈ សេវាធនាគារចល័ត និងអេធីអឹមប្រាសាក់ បានយ៉ាងងាយស្រួល លឿនរហ័ស និងសុវត្ថិភាព ដោយចំណាយកម្រៃសេវាត្រឹមតែ ៥០០រៀល ឬ 0.12 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។
លោក សាយ សូនី នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ មានសេចក្តីរីករាយក្នុងការសហការជាមួយ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ក្នុងការនាំយកនូវសេវាទូទាត់វិក្កយបត្រថ្លៃប្រមូលសំរាមយ៉ាងងាយស្រួលជូនអតិថិជន។
ការបង់ថ្លៃប្រមូលសំរាម មានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីចូលរួមធ្វើឱ្យរាជធានីភ្នំពេញស្អាត និងមានអនាម័យ។ ហើយជាមួយនឹងការផ្តួចផ្តើមដើម្បីផ្ដល់មធ្យោបាយងាយស្រួលនេះក្នុងការទូទាត់ថ្លៃសេវាប្រមូលសំរាមនេះ ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ លែងមានកង្វល់ក្នុងចិត្តទៀតហើយ ដោយពួកគាត់អាចបំពេញកាតព្វកិច្ចនោះដោយគ្មានការខកខាន»។
លោក សូនី បានបន្ថែមទៀតថា «ជាមួយនឹងសេវាធនាគារចល័តប្រាសាក់ និងម៉ាស៊ីនអេធីអឹមជាច្រើនដែលមាននៅជិតអតិថិជនប្រាសាក់ ពួកគាត់អាចទូទាត់ថ្លៃប្រមូលសំរាមយ៉ាងលឿនរហ័ស ងាយស្រួល និងសុវត្ថិភាព ដោយអាចបង់ជារៀងរាល់ខែ ឬ ប្រចាំឆ្នាំតែម្ដង»។
លោកបានបន្តទៀតថា «សូមអតិថិជនបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាតភ្លាមៗ និងរីករាយជាមួយការប្រើសេវាធនាគារចល័តប្រាសាក់ ដើម្បីទូទាត់វិក្កយបត្រនានាបានយ៉ាងងាយស្រួល»។
សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង៥នៅកម្ពុជា។
ប្រាសាក់ ផ្ដល់សេវាហិរញ្ញវត្ថុច្រើនសម្បូរបែបជូនអតិថិជន ដូចជា៖ ទូទាត់វិក្កយបត្រថ្លៃប្រមូលសំរាមនិងសំណល់រឹង សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធបាគង និង រីធែលផេ (Retail Pay) ផ្ទេរប្រាក់រវាងគណនីទៅគណនីនៅក្នុងប្រាសាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ដកប្រាក់ពីអេធីអឹមប្រាសាក់ទោះគ្មានប័ណ្ណអេធីអឹម។
ជាពិសេស ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាបញ្ជាក់សមតុល្យគណនី សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនដាក់ប្រាក់ ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ប្រាសាក់អ៊ីនធឺណែតប៊ែងឃីង (PRASAC Internet Banking) ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) ឬ សេវាដែលអាចឱ្យអតិថិជនធនាគារផ្សេងអាចដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់បាន និងសេវាផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិករង់ចាំបម្រើសេវាចំនួន 10,000 នាក់៕