(តូក្យូ)៖ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានថ្លែងដោយទំនុកចិត្តថា យុទ្ធនាការ Olympic Games 2020 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅតែអាចដំណើរការទៅបានដដែល បើទោះបីជាវិបត្តិនៃជំងឺ Covid-19 នៅមិនទាន់ស្រាកស្រាន្តយ៉ាងណាក៏ដោយ។

លោកថា «ដៃគូពាក់ព័ន្ធ រួមទាំងរាជរដ្ឋាភិបាលជប៉ុនផងនោះ បានកំពុងតែពួតដៃសហការគ្នាធ្វើយ៉ាងណាឲ្យ Olympic Games កើតឡើងឲ្យទាល់តែបានក្នុងឆ្នាំ២០២១ នេះ»

បច្ចុប្បន្នទីកន្លែងភាគច្រើននៅប្រទេសជប៉ុន បានដាក់ក្នុងភាពអាសន្ន ដោយសារតែទទួលបានរងនូវរលកទី២ នៃជំងឺ Covid-19 នៅពេលដែលកាលបរិច្ឆេទរៀបចំអូឡាំពិកតាមធម្មតាចាប់ពីថ្ងៃទី២៣ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៩ ខែសីហា។

ក៏ប៉ុន្តែលោក Thomas Bach សញ្ជាតិអាល្លឹម៉ង់ Tokyo Olympic Games លើកនេះ អាចពុំមានអ្នកទស្សនាឡើយ ដែលជាប្រវត្តិសាស្រ្តក្នុងអូឡាំពិករដូវក្តៅនេះ ដោយភ័យខ្លាចពីការរីករាលដាលនៃវីរ៉ុសនេះ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា «បញ្ហារឿងនេះ ខ្ញុំពុំទាន់និយាយឲ្យប្រាកដប្រជាបាននៅឡើយទេ។ យើងនឹងប្រឹងឲ្យលទ្ធភាព ដើម្បីធានាបានថា កម្មវិធីនេះដំណើរការទៅបានដោយរលូន»

បន្ថែមលើនេះ លោក Thomas Bach ក៏បានធ្វើការច្រានចោលចំពោះសំណើប្រើគម្រោងផែនការ B ក្នុងការប្តូរទីតាំងប្រកួត Games ដើម្បីចៀសវាងការលុបចោលទាំងស្រុងដូចដែលជប៉ុនបានកំពុងធ្វើការពិចារណាផងដែរ៕