(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានប្រកាសរៀបចំការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពមួយនាដើមខែកុម្ភៈខាងមុខ ដោយមានក្រុមខ្លាំងៗចំនួន ៤ក្រុមចូលរួម គឺក្លិបព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ និងម្ចាស់ផ្ទះវិសាខា។
ពានរង្វាន់លក្ខណៈមិត្តភាពមុនបើករដូវកាលថ្មី និងកម្ដៅសាច់ដុំផងនោះ រៀបចំដោយក្លិបជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ខាងលើ មានឈ្មោះថា «ពានរង្វាន់ Forward Pre-Season 2021» ដែលគ្រោងធ្វើការប្រកួតនៅថ្ងៃទី០៥ និងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ នៅកីឡដ្ឋានព្រីនស៍តែមួយគត់។
តាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញនេះបានឲ្យដឹងថា ពិធីចាប់ឆ្នោតគូប្រកួតពានរង្វាន់លក្ខណៈមិត្តភាពនេះ នឹងធ្វើឡើងនាថ្ងៃទី៣១-មករា។ ចំពោះការប្រកួតវគ្គចាប់គូជម្រុះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ។ បន្ទាប់មកក្រុមឈ្នះនឹងត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក ហើយក្រុមចាញ់ នឹងត្រូវជួបក្រុមចាញ់ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី០៧-កុម្ភៈ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Forward Pre-Season 2021 រៀបចំឡើង ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងសមត្ថភាពរបស់ក្រុមនីមួយៗក្នុងការត្រៀមការប្រកួតរដូវកាលថ្មី នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ដែលគ្រោងចាប់ផ្ដើមការប្រកួតនាពេលឆាប់ៗខាងមុខ៕