(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារ BRED Bank (Cambodia) ដើម្បីសហការផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកទិញអចលនទ្រព្យតាមបណ្តាញក្រុមហ៊ុន Century 21 Cambodia។
អនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ បានធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ហើយត្រូវបានចុះហត្ថលេខាដោយលោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia និងលោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia)។
លោក Seraj Sutton បានថ្លែងថា លោកពិតជារីករាយដែលបានធ្វើជាដៃគូជាមួយធនាគារ BRED Bank ដែលជាបុត្រសម្ព័ន្ធរបស់ធនាគា BRED Banque Populaire ដ៏ល្បីល្បាញ និងជាធនាគារអឺរ៉ុបដំបូងគេនៅកម្ពុជា ដែលបើកដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ២០១៧។
លោក Seraj Sutton បានថ្លែងបន្តថា «ខ្ញុំជឿជាក់ថាកិច្ចសហការនេះ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសឲ្យកាន់តែល្អប្រសើរទៅដល់អតិថិជន និងវិនិយោគិន ហើយទន្ទឹមគ្នានេះដែល ប្រជាជនកម្ពុជាក៏អាចទទួលបានឱកាសដូចគ្នានេះ ដើម្បីអាចទិញអចលនទ្រព្យតាមក្តីប្រាថ្នារបស់ពួកគេផងដែរ»។
លោកបញ្ជាក់ថា «អតិថិជនរបស់យើងមិនត្រឹមតែអាចក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋានថ្មីរបស់ពួកគេទេ តែថែមទាំងអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ សេវាឆាប់រហ័ស ទំហំកម្ចីសមតាមតម្រូវការពីធនាគារ BRED Bank (Cambodia)»។
លោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia) បានលើកឡើងដែលថា លោកក៏រីករាយ ដែលបានឈានដល់ការចុះអនុស្សារនយោគយល់គ្នាជាមួយក្រុមហ៊ុន Century 21 Cambodia ហើយធនាគារ BRED Bank Cambodia បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីគាំទ្រដល់ការរីកម្រើនទីផ្សារអចលនទ្រព្យនៅកម្ពុជាផងដែរ។
លោកបានឲ្យដឹងថា «លោកនឹងផ្តល់សេវាកម្មធនាគារដែលមានស្តង់ដារអន្តរជាតិ ហេតុដូច្នេះហើយ យើងជឿជាក់ថាការផ្តល់សេវាកម្មកម្ចីទិញផ្ទះនេះ បង្ហាញពីគុណតម្លៃរបស់យើងក្នុងទីផ្សារនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងនឹងធ្វើការឆ្ពោះទៅមុខរួមគ្នាយូរអង្វែង និងដោយក្តីរីករាយថែមទៀត»។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា រួមមានគម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY ដែលជាគម្រោងផ្ទះវីឡាលំហែកាយ និងខុនដូរប្រណីត រចនាឡើងតាមបែបអឺរ៉ុប ដែលមានទីតាំងនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ចម្ងាយប្រហែល ១៨គីឡូម៉ែត្រពីក្រុងកំពត។ អតិថិជនក៏អាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខ ០៦១ ៥៥៥ ០៧៥ ផងដែរ៕