(ក្រុងឡុងដ៍)៖ កិច្ចចរចាឡើងសង្វៀនប្រកួតមិនធ្លាប់មានរវាងកីឡាករទម្ងន់ធ្ងន់ពិភពលោក Anthony Joshua និង Tyson Fury ដើម្បីប្រាក់លាន ២០០លានផោន ស្មើនឹង ២៧២លានដុល្លារ ជិតលេចចេញជារូបរាងមែនទែនហើយត្រឹមរយៈពេល ២សប្តាហ៍ទៀតប៉ុណ្ណោះ។
លោក Eddie Hearn អ្នកផ្គូផ្គងគូប្រកួតរបស់ Joshua បានថ្លែងប្រាប់ Sportsmail ថា សំណុំឯកសារ ក៏ដូចជាកិច្ចសន្យាប្រកួតត្រូវបានផ្ញើទៅក្រុមរបស់ Fury រួចរាល់ហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅឡើយតែចុះកិច្ចសន្យាព្រមព្រៀងលើកចុងក្រោយតែប៉ុណ្ណោះ។
ដូចគ្នានោះដែរ ក្រុមភ្នាក់ងាររបស់ Fury ដែលមានលោក Bob Arum និង Frank Warren ជាដៃគូសហការផងនោះ នឹងឆ្លើយក្នុងរយៈពេលខ្លីខាងមុខ យ៉ាងយូរបំផុតនោះគឺ ២សប្តាហ៍។ លោក Hearn បញ្ជាក់បន្ថែម។
ចំណែកឯទីលានប្រកួតវិញត្រូវបានលោក Eddie Hearn គូសបញ្ជាក់ថា អាចធ្វើនៅនៅប្រទេសអារ៉ាប៊ីសាអូឌីត កាតា អាមេរិក អូស្រ្តាលី សិង្ហបុរី និងអាចនៅទីក្រុង Dubai ឬក៏ Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) នៅដើមខែមិថុនា ឆ្នាំ២០២១ រវាងជើងខ្លាំងទាំងពីរ៕