(ភ្នំពេញ)៖ ភាពចម្រូងសម្រាស ដែលបានកើតឡើងរវាងម្ចាស់ជ័យលាភីលេខ១ កម្មវិធី «Miss Grand Cambodia» កញ្ញា សេង រដ្ឋា ជាមួយផលិតកម្មមហាហង្ស មានលោក អ៉ិន សុភិន ជាអ្នកគ្រប់គ្រងនាពេលថ្មីៗនេះ បានបញ្ចប់ទៅតាមផ្លូវច្បាប់រួចរាល់ហើយ ដោយភាគីទាំងពីរបានចូលមកកាន់តុចរចានៅចំពោះមុខមេធាវី និងបានធ្វើកិច្ចសន្យាព្រមព្រៀងគ្នាបញ្ចប់ជម្លោះ ដោយសន្តិវិធី។
លោក អ៉ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី «Miss Grand Cambodia» បានថ្លែងនៅមុននេះបន្តិចថា ពេលវេលាបានមកដល់ទីបញ្ចប់ ក្រុមហ៊ុនមហាហង្សនឹង «Miss Grand Cambodia» ២០២០ មានតែផ្លូវច្បាប់ទេទើបអាចដោះស្រាយបាន សូមអគុណនូវការយកចិត្តទុកដាក់តាមដានទាំងអស់គ្នា ពេលនេះការពិតបានលាតត្រដាងហើយ លោកសូមអស់យោបល់ហើយសង្ឃឹមថាអ្វីៗ នឹងបានល្អប្រសើរ។
លោក អ៉ិន សុភិន បានបន្ថែមទៀតថា យើងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយសន្តិវិធី ហើយលោកសូមធ្វើការសុំទោស ជាសាធារណៈនូវពាក្យពេចន៍ខុសឆ្គងកន្លងមក ហើយសុំសន្យាថា «Miss Grand Cambodia» ឆ្នាំ២០២១ នឹងរៀបចំឲ្យបានល្អជាងឆ្នាំ២០២០។
តាមរយៈការបង្ហាញឲ្យឃើញ នូវការដោះស្រាយជម្លោះបញ្ចប់ដោយសន្តិវិធីនេះ លោក អ៉ិន សុភិន ក៏បានបង្ហោះនូវលិខិតនៃកិច្ចព្រមព្រៀងបញ្ចប់វិវាទ រវាងផលិតកម្មមហាហង្ស និងកញ្ញា សេង រដ្ឋា ដោយក្នុងនោះម្ចាស់គ្រងមកុដ «Miss Grand Cambodia» ២០២០ កញ្ញា សេង រដ្ឋា បានឯកភាពទៅលើចំណុចជាច្រើន ដូចជា យល់ព្រមឲ្យផលិតកម្មមហាហង្សដកហូតតំណែង, ការបញ្ចប់កិច្ចសន្យា, ការមិនទទួលយករង្វាន់, ការប្រគល់មកុដ ឈៀង និងពានជយលាភី, ការមិនបំពានគ្នាទៅវិញទៅមក តាមរយៈបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ ហើយបើភាគីណា ដែលបំពានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕