(កំពត)៖ រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ​ បានរៀបចំ ​និង​គាំទ្រព្រឹត្តិការណ៍ ​ទិវាសម្អាតបរិស្ថាន​ក្រោមពាក្យស្លោក៖ «តោះ យើងនាំគ្នាសម្អាត​!» ព្រោះនេះ​ជា​បញ្ហាទៅថ្ងៃក្រោយ ដោយផ្តោតសំខាន់​លើ​ការ​ប្រមូល​​​សំរាមប្លាស្ទិក​តាមកន្លែងសាធារណៈនៅក្បែរផ្សារទូកមាស ស្រុកបន្ទាយមាស ខេត្ដកំពត។

កម្មវិធី​សម្អាត​អនាម័យ​​បរិស្ថានប្រព្រឹត្ដទៅក្រោមការដឹកនាំរបស់ លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស និង​មានការចូលរួមពីមន្រ្តីរាជការស្រុកជាច្រើនរូបពីគ្រប់ជាន់ថ្នាក់ និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងយុវជនជាច្រើនរូបទៀត ដោយចាប់ផ្ដើមពីម៉ោង ៨ព្រឹក និងបញ្ចប់ទៅវិញនៅម៉ោង ១១ព្រឹក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺចង់​បំផុសស្មារតី​ស្រឡាញ់​ ថែរក្សា និង ការពារបរិស្ថាន​ស្អាត​ មិនត្រឹមតែសម្រាប់​​​អ្នកចូលរួមដែលភាគច្រើន​ជាយុវជន​កំពុង​បម្រើ​ការងារ​​​​ក្នុង​អង្គភាព​រដ្ឋ និង ​ក្រុមហ៊ុន​​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ក៏​​ជាសារសម្រាប់​សាធារណៈជន​ទូទៅដែលបានឃើញ​​ព្រឹត្តិការណ៍នេះ​ដោយ​ផ្ទាល់​ ឬ​តាមបណ្តាញ​ប្រព័ន្ធផ្សព្វផ្សាយ​នានា​ ឲ្យ​ចេះ​ស្រឡាញ់​​ ថែរក្សា និង ការ​ពារ​បរិស្ថាន​ ជាពិសេស​បំផុតនោះ គឺការ​វេចខ្ចប់ និង ការ​ទុកដាក់​កាកសំណល់​​ឲ្យបានត្រឹមត្រូវ។

សំណល់ប្លាស្ទិកនៅ​ក្នុងបរិស្ថាន​ បានក្លា​យ​ជាក្តី​កង្វ​ល់​មិន​ត្រឹមតែនៅ​​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏​ជាក្តីកង្វល់សម្រាប់ពិភព​លោកទាំងមូល​ ហើយអ្វី​ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរឡើង​​​ គឺ​ផ្តើម​ចេញ​ពីខ្លួន​យើង​ម្នាក់​ៗចេះ​ស្រឡាញ់​បរិស្ថាន​ សម្អាត​ ចេះ​វេចខ្ចប់ ទុកដាក់​ និងអ្វីសំខាន់បំផុតនោះគឺ​ការប្រើប្រាស់​ប្លាស្ទិក​​ឲ្យ​កាន់តែ​តិច​តាម​ដែល​អា​ចធ្វើទៅបាន ទើប​បរិស្ថាន​​បានប្រសើរ​ឡើង។

ក្រុមហ៊ុន​ ជីប ម៉ុង​​ អ៊ិនស៊ី ស៊ីមេន តែ​ងតែ​គិត​គួរ​ដល់​ការ​​កាត់បន្ថយ​សំណល់​រឹង​ ឬសំណល់រោងចក្រ ដែលជាផ្នែក​មួយ​នាំ​ឲ្យប៉ះពាល់​ដល់បរិស្ថាន តាមរយៈ​ការវិនិយោគ​​រោងចក្រ​​ដុតកម្ទេច​សំណល់​ឧស្សាហកម្ម​តម្លៃ​៤លានដុល្លារ និង មានសមត្ថភាព​ដុតកម្ទេចសំណល់ប្រមាណ ​​៧០០០ តោន​ក្នុង​១ខែ និងបានសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់កាល​ពីថ្ងៃទី​ ​៥ ​ខែ​ធ្នូ ​ឆ្នាំ​​២០១៩​កន្លងទៅនេះ​ ក្រោម​​វត្តមាន​​ ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​។

តាម​ការ​ស្រាវជ្រាវ​លើក​ទី១​ របស់​អង្គ​ការ Fauna & Flora International (FFI) ​នាឆ្នាំ​២០១៩ បាន​រកឃើញ​ថា ​ជាមធ្យម​ក្នុង​ ១ថ្ងៃ ​​ប្រជាជន​​កម្ពុជា​​នៅតាមតំបន់ឆ្នេរ​​ ប្រើប្រាស់​ថង់ប្លាស្ទិក​​ជាមធ្យម​​ចំនួន​ ១២​​ ក្នុង​​ ១គ្រួសារ​។ នៅពេល​​ដែល​អ្នក​ប្រើប្រាស់​ប្លាស្ទិក​កាន់តែច្រើន​​ អ្នក​នឹង​កាន់តែ​​ទទួល​ផល​ប៉ះពាល់​​ដល់​អ្នក​ប្រើប្រាស់វិញ​កាន់តែ​អាក្រក់​ដែរ។

ដោយ​ឡែក​ប្រជាជន​នៅទីក្រុងភ្នំពេញ ​ប្រើប្រាស់ថង់ប្លាស្ទិក​​​​ប្រមាណ​១០លានថង់​ក្នុងមួយ​ថ្ងៃដែលស្មើ​នឹ​ង​ ២/៣​ នៃ​ចំនួន​ប្រជាជន​​កម្ពុជាសរុប។ ការ​ប្រើប្រាស់​យ៉ាងច្រើន និង កង្វះនៃ​​ការ​ទុកដាក់​ឲ្យបានត្រឹមត្រូវ ជា​ក្តីកង្វល់​កាន់តែខ្លាំងឡើងៗ​ដល់​បរិស្ថាន។

ថង់ប្លាស្ទិក​​​អាច​​ត្រូវ​ការ​ពេល​ពី​១០ទៅ​២០ឆ្នាំ​ ដើម្បី​​​ពុក​ផុយ ចំណែកឯប្រអ​​ប់​​ស្នោរខ្ចប់អាហារ​វិញ​ អាច​ត្រូវ​ការ​ច្រើនឆ្នាំជាងនេះរាប់សិបដង​​​​ដើម្បី​​រលាយ​ ហើយមួយ​ចំនួន​ទៀតមិន​រលាយ​នោះទេ។ ប្លាស្ទិក​ទាំង​នេះ​ជា​ប្រភព​ចំប​ង​​នៃ​ការបំពុល​ ទឹក ដី និង ខ្យល់។

មានសំណួរ​ជាច្រើន​តែង​តែចោទ​សួរ​​ថា តើមូល​ហេតុអ្វី​​បានជាយើង​​​ត្រូវ​ខ្វាយខ្វល់​ពី​​​ប្លាស្ទិក?

*ប្លាស្ទិក​​បំពុល​បរិស្ថាន​យ៉ាងខ្លាំង​​រួម​មាន​ ទឹក ដី និង ខ្យល់, សំរាម​ប្លាស្ទិក​​អាច​សម្លាប់​​ជីវិត​​សត្វ​​​លើគោ​ក​ និង​ក្នុងទឹក​ ជាពិសេស​​សត្វសមុទ្រ​ ប្លាស្ទិក​​បង្ក​ផល​ប៉ះពាល់​​យ៉ាងខ្លាំង​​ដល់​សុខ​ភាពមនុស្ស ការចំណាយ​ថវិកា​ច្រើន​​ក្នុងការ​សម្អាត​​ប្លាស្ទិក​ ប្លាស្ទិក​​មួយ​ចំនួន​​មិ​ន​ងាយ​រលួយ​ និង មិនអាច​កែច្នៃ​​ឡើងវិញ​​បាននោះទេ ប៉ះពាល់​ដល់សេដ្ឋកិច្ច​​ជាតិ​ជាខ្លាំង​​នៅពេលដែល ទឹក ដី និង ខ្យល់ ​ត្រូវ​បានបំពុល​ដោយ​ប្លាស្ទិក​៕​