(អាមេរិក)៖ ថ្មីៗនេះ មានរបាយការណ៍ជាច្រើបានចេញផ្សាយពីតួលេខនៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុននានា ដូចជា Apple, Samsung និង Huawei ជាដើម ដោយឡែកនៅពេលនេះ ស្ថាប័នស្រាវជ្រាវ និងវិភាគ IDC បានបង្ហាញរបាយការណ៍នៃការលក់ស្មាតហ្វូនសរុប ពេញ មួយ ឆ្នាំ២០២០តែម្ដង។
យោងតាមរបាយការណ៍របស់ IDC បានឱ្យដឹងថា បើទោបីជានៅក្នុងឆ្នាំ២០២០ បានជួបវិបត្តិកូវីដ-១៩ក្ដី ប៉ុន្តែមិនបានធ្វើឱ្យការលក់ស្មាតហ្វូន ទូទៅពិភពលោកធ្លាក់ចុះខ្លាំងនោះទេ ដោយសារតែនៅចុងឆ្នាំ២០២០ ជារដូវវិស្សមកាល ក្រុមហ៊ុនស្មាតហ្វូនជាច្រើបានចេញលក់ម៉ូដែល ថ្មីៗ ដោយបំពាក់បច្ចេកវិទ្យា 5G ដែលជំរុញឱ្យតួលេខនៃការលក់សរុបកើនឡើងខ្ពស់។
នៅក្នុងឆ្នាំ ២០២០ ស្មាតហ្វូនចំនួន ១.២៩ពាន់លានគ្រឿងត្រូវបានលក់ចេញនៅលើទីផ្សារពិភពលោកទាំងមូល ដោយក្នុងនោះបានធ្លាក់ចុះ ៥.៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានសរុប ១.៣៧ពាន់លានគ្រឿង។ IDC បានបង្ហាញនូវភាពជឿជាក់ថា នៅក្នុងឆ្នាំ២០២១ ទីផ្សារស្មាតហ្វូននឹងវិលត្រឡប់មកដូចដើមវិញ។
គួរបញ្ជាក់ផងដែរថា ពេញមួយឆ្នាំ២០២០ ក្រុមហ៊ុន Samsung បាននាំមុខគេក្នុងការលក់ស្មាតហ្វូន ដោយក្នុងនោះមានស្មាតហ្វូនចំនួន ២៦៦.៧លានគ្រឿងត្រូវបានលក់ ខណៈដែល Apple ឈរនៅលេខ២ មានចំនួន ២០៦លានគ្រឿង និង Huawei ឈរនៅលេខរៀងទី៣ មាន ចំនួន ១៨៩លានគ្រឿង៕