(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធ Harry Kane នឹងត្រូវអវត្តមានពីក្លិប Tottenham Hotspur ២ទៅ៣សប្តាហ៍ បន្ទាប់ពីរងរបួសកជើងទាំង២ នៅអំឡុងប្រកួតចាញ់ Liverpool ក្នុង Premier League នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
កីឡាករអង់គ្លេស វ័យ ២៧ឆ្នាំខាងលើ ដំបូងឡើយបានប៉ះទង្គិចគ្នាជាមួយ Thiago Acatara តាំងពីនាទី១៣ នៅមុនពេលទទួលរងរបួសកជើងខាងឆ្វេងទៀត ក្រោយពេលប៉ះទង្គិចគ្នាទល់នឹង Jordan Henderson នៅចុងម៉ោង នៃវគ្គ១ រហូតដល់បង្ខំចិត្តប្តូរចេញវិញនៅដើមវគ្គទី២។
Kane បានជួបបញ្ហារបួសចាស់ដែលធ្វើឲ្យរូបគេអវត្តមាន ១ខែនៃរដូវកាលឆ្នាំ២០១៧-២០១៨ ចំពោះបញ្ហារបួសកជើងខាងស្តាំ និងអវត្តមានដល់ទៅ ៤សប្តាហ៍នៅរដូវកាល ២០១៦-២០១៧ ដោយសាររបួសកជើងដដែល។
អ្នកចាត់ការទូទៅក្លិប Spurs លោក Jose Mourinho បានថ្លែងប្រាប់ BBC នៅក្រោយចប់ការប្រកួតថា «ពុំមានខ្សែប្រយុទ្ធណាអាចជំនួសកន្លែង Kane ដែលរបួសនោះទេ។ អ្វីដែលយើងព្រួយបារម្ភ វាកើតឡើងទាល់តែបាន ក៏ប៉ុន្តែយើងត្រូវតែទទួលយក និងតស៊ូជាមួយវា ដោយសារតែគ្មានជម្រើស»៕