(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិ មុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការឃែរ (CARE) រួមគ្នារៀបចំសិក្ខាសាលាចែករំលែកព័ត៌មាន និងពង្រីកឱកាសការងារជូនកម្មករនិយោជិត ប្រមាណ៧០នាក់ នៅស្នាក់ការកណ្តាលរបស់ NEA នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។
សិក្ខាសាលានេះរៀបចំឡើងជាពិសេសសម្រាប់កម្មករនិយោជិតដែលបាត់បង់ឱកាសការងារបណ្តោះអាសន្ន ឬព្យួរកិច្ចសន្យាការងារដោយសារការរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ អាចស្វែងយល់បន្ថែមពីព័ត៌មាន ឱកាសការងារ និងការពង្រីកលទ្ធភាពស្រូបយកការងារថ្មីតាមជម្រើសដែលសមស្រប ក្រោមកិច្ចគាំទ្រពី NEA។ តាមរយៈសិក្ខាសាលានេះ កម្មករនិយោជិតអាចទទួលបានព័ត៌មានច្រើន ពីឱកាសការងារតាមវិស័យពាក់ព័ន្ធនានាដែលកំពុងមានតម្រូវការជ្រើសរើស និងអាចចុះឈ្មោះរកការងារ តាមរយៈ NEA ដោយផ្ទាល់ ដើម្បីធ្វើការផ្គូផ្គងនិងបញ្ជូនទៅកាន់រោងចក្រ សហគ្រាស។
អង្គការឃែរ កំពុងតែអនុវត្តគម្រោង ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្មការិនីរោងចក្រកាត់ដេរ អំឡុងពេលជំងឺកូវីដ១៩ ក្រោមការគាំទ្រថវិការបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ គម្រោងនេះ បានផ្តល់វគ្គបណ្តុះបណ្តាលទៅក្រុមមិត្តអប់រំមិត្ត និងគាំទ្រថវិកាទៅកម្មការិនីកាត់ដេរដោយបាត់បង់ការងារ ដោយការព្យួរកិច្ចសន្យាការងារបណ្តោះអាសន្ន និងការបិទរោងចក្រ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ពួកគេ។
គួរជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិ មុខរបរនិងការងារ បានត្រៀមខ្លួន ដើម្បីជួយគាំទ្រក្នុងការសម្របសម្រួលជួយរកផ្គូផ្គងការងារ និងត្រៀមឱកាសការងារជាច្រើនកន្លែង ជូនកម្មករនិយោជិតក្នុងការដាក់ពាក្យដើម្បីចូលធ្វើការតាមវិស័យនានាដែលស្របតាមលក្ខខណ្ឌតម្រូវការ និងសមត្ថភាពរបស់ផ្ទាល់ខ្លួន៕