(ក្រុងរ៉ូម)៖ ក្លិបធំៗ ២ដែលលេងនៅលីគកំពូលអ៉ីតាលី Serie A បច្ចុប្បន្នរួមមាន AS Roma និង Inter Milan បានកំពុងពិភាក្សាគ្នាលើកិច្ចសន្យាព្រមព្រៀងមួយនៃការផ្លាស់ប្តូរខ្សែប្រយុទ្ធជួរមុខ Edin Dzeko និង Alexis Sanchez។ នេះបើតាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ខ្សែប្រយុទ្ធកម្ពស់បាន Dzeko មិនស្ថិតក្នុងជម្រើស ១១នាក់ក្នុងក្លិប Roma ក្រោមការបង្វឹករបស់លោក Paulo Fonseca ដែលអតីតកីឡាកររបស់ក្លិបអង់គ្លេស Manchester City បច្ចុប្បន្នវ័យ៣៤ឆ្នាំ ត្រូវបានគេយល់ឃើញថា ក្លិបប្រចាំទីក្រុងរ៉ូមមួយនេះ បានកំពុងធ្វើការជាមួយក្លិប Inter Milan ដើម្បីប្តូរយកកីឡាករ Sanchez មកជំនួសកន្លែងគេវិញ។
Sanchez ក៏ត្រូវបានអ្នកចាត់ការទូទៅ លោក Antonio Conte ធ្វើការផ្លាស់ប្តូរមកពីក្លិប Manchester United ក្នុងឆ្នាំ២០១៩ ក្រោមកិច្ចសន្យា ៣ឆ្នាំជាមួយ Inter ទើបរកបាន ២គ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះ ខណៈកីឡាករកម្ពស់ ១.៩៣ម៉ែត្រ Dzeko រកបាន ៧គ្រាប់ក្នុងចំណោម ១៥ប្រកួតរបស់ Roma ដែលឈរនៅលេខ៣ បណ្តោះអាសន្ននៅ Serie A មាន ៣៧ពិន្ទុចាញ់ក្រុមលេខ២ Inter Milan ៤ពិន្ទុ៕