(ភ្នំពេញ)៖ តារាចម្រៀង លោក ករុណា ពេជ្រ បានប្រកាសជាសាធារណៈថា លោកនឹងរៀបចំកម្មវិធីមនុស្សធម៌មួយ ជួយដល់លោកតាៗដែលប្រកបរបរធាក់ស៊ីក្លូ និងអ្នកប្រមូលសំរាមសរុប ប្រមាណ៣០០នាក់ ក្នុងគោលបំណងចែករំលែកក្ដីស្រឡាញ់ និងជួយកាត់បន្ថយការលំបាកខ្លះៗដល់ពួកគាត់ តាមរយៈការញ៉ាំអាហារដ៏ឆ្ងាញ់ជុំគ្នា ផ្ដល់ជូនសំភារៈ និងថវិកាខ្លះៗ ដើម្បីដោះស្រាយទុក្ខលំបាក ក្នុងថ្ងៃនៃទិវាក្ដីស្រឡាញ់។
ថ្លែងប្រាប់ Fresh News Plus នៅរសៀលនេះ តារាចម្រៀង ករុណា ពេជ្រ បានថ្លែងប្រាប់ថា ដើម្បីចែករំលែកក្ដីស្រឡាញ់ទៅកាន់លោកតាៗ កំពុងធាក់ស៊ីក្លូ និងអ្នកប្រមូលសំរាម ឬអ្នកថែរក្សាបរិស្ថាន លោកបានរៀបចំបង្កើតកម្មវិធីញ៉ាំអាហារមួយ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយសារតែថ្ងៃ១៤កុម្ភៈ ចំថ្ងៃចូលឆ្នាំចិន ក្នុងនោះលោកបានអញ្ជើញលោកតាៗ ចំនួន២០០នាក់ និងអ្នកប្រមូលសំរាម ដែលមានជីវភាពខ្វះខាតចំនួន១០០នាក់បន្ថែមទៀត ដើម្បីមកជួបជុំគ្នា ញ៉ាំអាហារសាមគ្គី ចែកជូននូវថវិកា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃខ្លះៗ ដល់ពួកគាត់ ក្នុងឱកាស ទិវានៃក្ដីស្រឡាញ់ចូលមកដល់។
តារាចម្រៀង ដែលខកខានកាន់ក្បាលមេក្រូជាង៣ឆ្នាំ ព្រោះតែការធ្វើចិត្តមិនបាន ពេលឃើញស្ថានភាពឪពុករបស់ខ្លួនឈឺដេកដួល លោក ករុណា ពេជ្រ បានបញ្ជាក់ទៀតថា លោកពិតជាចង់ធ្វើបុណ្យ ចែកទានដល់ពួកគាត់ ដែលនៅមានកម្លាំង អាចទទួលទានអាហារបាន ខណៈដែលឪពុករបស់លោកកំពុងឈឺ និងមិនអាចពិសារអ្វីបាន ទើបលោកចេះតែនឹកឃើញឪពុករបស់គេ ដែលនៅទទួលទានអាហារបាន។ «ខ្ញុំឃើញពួកគាត់ពិសារអ្វីបាន ខ្ញុំនឹកឃើញដល់ប៉ារបស់ខ្ញុំ ដែលកំពុងឈឺមិនអាចហូបបាន ខ្ញុំចង់ឲ្យពួកគាត់ហូបឆ្ងាញ់..! ទោះបីជាការហូបមួយពេលជុំគ្នានេះ មានរយៈពេលខ្លីមែន ប៉ុន្តែបានបញ្ជាក់ពីក្ដីស្រឡាញ់ ចំពោះពួកគាត់ដែលមានវ័យចាស់ៗ ហើយនៅតែត្រដបញ្ចេញកម្លាំង ប្រកបរបរធាក់ស៊ីក្លូរកលុយចិញ្ចឹមជីវិត..!»។
លោកបានបញ្ជាក់ទៀតថា ការងារមនុស្សធម៌បែបនេះ លោកបានធ្វើជារឿយៗមកហើយ ដោយក្នុងមួយឆ្នាំៗ មានចំនួន២ទៅ៣ដងឯណោះ។ ជាមួយគ្នានេះ ក៏មានសប្បុរសជន និងអ្នកសិល្បៈមួយចំនួន ក៏បានចួលរួមចំណែក ជាមួយរូបលោកផងដែរ។ លោកថា កម្មវិធីទទួលទានអាហារនៅថ្ងៃទី០៤ កុម្ភៈខាងមុខនេះ គឺគ្រោងចំណាយអស់ចន្លោះពី១ម៉ឺន៥ពាន់ ទៅ២ម៉ឺនដុល្លារ ហើយបន្ទាប់ពីលោកបានប្រកាស តាមបណ្ដាញសង្គមនៅថ្ងៃនេះរួចមក ក៏មានសប្បុរសជនមួយចំនួន ចាប់ផ្ដើមចូលរួមជារូបលោកជាបណ្ដើរៗហើយ។
អ្វីដែលជាគោលបំណងធំរបស់តារាចម្រៀង ករុណា ពេជ្រ ក្នុងកម្មវិធីជួបជុំលោកតាៗហូបអាហារនេះ គឺគ្មានអ្វីក្រៅពីចែករំលែកក្ដីអាណិតស្រឡាញ់ ទៅកាន់ពួកគាត់ដែលកំពុងខ្វះខាត ហើយចង់ហូបអាហារណា ដែលមានរសជាតិឆ្ងាញ់ ហើយការចូលរួមរបស់សប្បរសជនទាំងអស់ គឺជាការបង្ហាញទឹកចិត្ត និងសេចក្ដីល្អមិនអាចកាត់ថ្លៃបាន។
សូមបញ្ជាក់ថា កម្មវិធីជួបជុំហូបអាហារ និងចែកទាន ជូនដល់លោកតាៗធាក់ស៊ីក្លូខាងមុខនេះ គឺធ្វើឡើងនៅភោជនីយដ្ឋាន «វីហ្វ្រែន» សាខាឫស្សីកែវ ជាប់ស្ពានបាឡេ តាមបណ្ដោយផ្លូវជាតិលេខ៥។ ក្នុងនោះក៏មានការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលផងដែរ ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕