(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបើកការប្រកួតជ្រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៣៥០នាក់។ ពិធីបើកការប្រកួតបានធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ។
លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ នឹងធ្វើឡើង ៣ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែមករា នៅពហុកីឡដ្ឋានជាតិ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៤៥២នាក់ មកពី ៥៩ទូទាំងប្រទេស ដោយធ្វើការប្រកួតលើ ៦វិញ្ញាសា ដែលសរុបទាំងអស់មានចំនួន ៣៧០ប្រកួតឯណោះ។
ទន្ទឹមជាមួយគ្នាលោក ស សុខា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមាគម/ក្លិប និងកីឡាករ-កីឡាការិនីចូលរួមឆ្នាំនេះ ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីសហព័ន្ធបានធ្វើការជំរុញ និងពង្រឹងបន្ថែម សម្រាប់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍវិស័យកីឡាប៉េតង់តាមខេត្តកាលពីឆ្នាំ២០២០។ ដូច្នេះលោកបានលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ ខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែង និងមានឱកាសជាប់ជម្រើសជាតិ ត្រៀមការប្រកួតអន្ដរជាតិនានា។
លើសពីនេះលោកបានជំរុញប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ត្រូវគោរពវិធានក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩ ហើយអ្វីដែលសំខាន់ ត្រូវគោរពបទបញ្ជាការប្រកួត និងវិន័យ ដើម្បីវិវឌ្ឍខ្លួនក្លាយជាធនធានកីឡាករ-កីឡាការិនីប្រកបដោយគុណវុឌ្ឍ ខណៈសហព័ន្ធនឹងធ្វើការសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើម តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិនេះ សម្រាប់ប្រមូលផ្ដុំជម្រើសជាតិត្រៀមការប្រកួតស៊ីហ្គេម នៅវៀតណាមនាចុងឆ្នាំ២០២១ នេះ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕