(កូរ៉េ)៖ នៅទីបំផុតតារាចម្រៀង HyunA បានបញ្ចេញចម្រៀងថ្មីដំបូង ដើម្បីស្វាគមន៍អ្នកគាំទ្រ នៅដើមឆ្នាំ២០២១នេះ ក្រោមចំណងជើងថា «I’m Not Cool» ខណៈរាល់សកម្មភាព និងស្ទីលតុបតែងខ្លួន គឺប្លែកភ្នែកតែម្តង។ បទថ្មីនេះ ត្រូវបានគេដឹងថា ជាអាល់ប៊ុមតូចទី៧ របស់នាង ដែលត្រូវបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaherald នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

ជាការពិត បន្ទាប់ពីពន្យារពេលនៃការបញ្ចេញបទចម្រៀងកាលពីរដូវក្តៅមុន ដោយសារបញ្ហាសុខភាព តារាស្រីវ័យ២៩ឆ្នាំ HyunA បានយកពេលវេលាសម្រាប់អាល់ប៊ុមចម្រៀងរបស់នាង ជាមួយនឹងការបកស្រាយយ៉ាងពីរោះ បង្ហាញឲ្យឃើញពីគំនិតដ៏ជ្រាលជ្រៅ និងភាពស្មោះត្រង់របស់នាងក្នុងបទចម្រៀង។

ជាក់ស្តែងចម្រៀងថ្មី «I’m Not Cool» គឺមានបង្កប់នូវអត្ថន័យល្អៗ បង្ហាញពីរឿងរ៉ាវរបស់នាងផ្ទាល់ ដើម្បីចែករំលែកទៅកាន់មហាជន។ «វាគឺជាធម្មជាតិរបស់ខ្ញុំពិតប្រាកដ។ ខ្ញុំព្យាយាមសរសើរខ្លួនឯង មុននឹងឡើងឆាក។ ខ្ញុំបានប្រាប់ខ្លួនឯងថា វាមិនអាក្រក់ទេ ក្នុងការធ្វើជាខ្លួនឯង...។ ខ្ញុំមិនអាចទទួលការស្រឡាញ់ពីមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែខ្ញុំក្លាយជាបុគ្គលដែលល្អគ្រប់គ្រាន់ សម្រាប់មនុស្សដែលស្រឡាញ់ខ្ញុំ...»។ នេះជាអត្ថន័យក្នុងចម្រៀងថ្មី របស់ HyunA។

ជាការកត់សម្គាល់ ការបញ្ចេញចម្រៀង ដែលបង្កប់អត្ថន័យលើកទឹកចិត្ត ពីសំណាក់ HyunA នៅពេលនេះ ហាក់បង្ហាញយ៉ាងច្បាស់ថា បច្ចុប្បន្ននាងមានភាពរឹងមាំឡើងវិញច្រើនហើយ បន្ទាប់ពីកន្លងទៅត្រូវបានគេដឹងថា នាងទទួលនូវជំងឺ Depression ឬជំងឺផ្លូវចិត្តធ្ងន់ធ្ងរ៕