(ភ្នំពេញ)៖ តារាចម្រៀងសំនៀងក្រអូនក្រអៅ និងមានទឹកដមពីរោះមិនចេះរីងស្ងូត អ្នកនាង មាស សុខសោភា បានសម្រេចចិត្តយកថ្ងៃពិសេសរបស់ខ្លួន បើកអាជីវកម្មរកស៊ីលើកដំបូង ក្នុងជីវិតជាតារាចម្រៀងល្បី ដែលទទួលបានការគាំទ្រពីមហាជន រាប់ឆ្នាំមកហើយ។

ថ្ងៃពិសេសរបស់តារាចម្រៀង មាស សុខសោភា នៅពេលនេះ គឺជាថ្ងៃខួបកំណើតរបស់នាង គម្រប់អាយុ៣៨ឆ្នាំ ក្នុងនោះនាង និងស្វាមីក៏បានប្រកាស បើកសម្ពោធជំនួញរកស៊ី ស្របពេលជាមួយគ្នានេះផងដែរ។

ថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ តារាចម្រៀងដែលនៅតែរក្សាបានសម្រស់ស្រស់ស្អាត មិនចាញ់ក្មេងស្រករក្រោយ មាស សុខសោភា បានបញ្ជាក់ឲ្យដឹងថា ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន នាងបានសម្រេចចិត្តដាក់ទុន និងបើកសម្ពោធមុខជំនួញរកស៊ីលើកដំបូងរបស់ខ្លួន ក្នុងថ្ងៃជាមួយគ្នា ដោយជំនួញនោះ គឺការក្លាយជាអ្នកតំណាងធំរបស់ផលិតផល «ឃូស៊ីសម្រស់ធម្មជាតិ» ដោយមាស សុខសោភា បានបោះទុនបើកអាជីវកម្ម ប្រមាណជិតកន្លះលានដុល្លារឯណោះ។

តារាចម្រៀង ដែលនៅតែរក្សាបានការគាំទ្រច្រើនពីមហាជន មាស សុខសោភា បាននិយាយថា «ច៎ា..ថ្ងៃនេះខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ព្រោះថ្ងៃនេះ ជាថ្ងៃបើកជំនួញលើកដំបូងរបស់ខ្ញុំ ហើយក៏ចំថ្ងៃខួបកំណើតរបស់ខ្ញុំដែរ។ បន្ទាប់ពីខ្ញុំបានសិក្សា និងស្វែងយល់ពីផលិតផលសម្រស់ធម្មជាតិនេះ អស់រយៈពេលជាច្រើនឆ្នាំមក និងបានមើលឃើញថា ទីផ្សារកាន់តែមានការគាំទ្រ ខ្ញុំក៏សម្រេចចិត្តបើកជំនួញនេះឡើង ដោយមានការលើកទឹកចិត្ត គាំទ្រយ៉ាងពេញទំហឹងពីគ្រួសារ ជាពិសេសស្វាមីរបស់ខ្ញុំ..!»

មាស សុខសោភា បញ្ជាក់ទៀតថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាង ហើយក៏ជាថ្ងៃផ្ដើមចេញរកស៊ីលើកដំបូង ហើយផលិតផលដែលនាងជ្រើសរើស ឲ្យក្លាយជាតំណាងនៅពេលនេះ គឺនាងបានប្រើប្រាស់រួចហើយ ឃើញថាមានគុណភាពល្អ។

ដោយសារតែឃើញពីចំណុចល្អបែបនេះ ទើបនាងគិតថា គួរតែធ្វើអ្វីមួយបន្ទាប់ពីស្ថានភាព នៃជំងឺកូវឺដ១៩បានធូរស្បើយ ហើយការងារសិល្បៈរបស់នាងក៏ទំនេរច្រើន។ ម្យ៉ាងទៀតនាងមានកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ គួរតែមានជំនួញមួយក្នុងដៃ ខណៈដែលអ្នកសិល្បៈជាច្រើន គេមានជំនួញគ្រប់គ្នាអស់ទៅហើយ។

តារាចម្រៀង មាស សុខសោភា បានបន្ថែមទៀតថា ជំនួញលើកដំបូងរបស់នាងនៅពេលនេះ គឺគ្រោងទុនប្រមាណកន្លះលានដុល្លារ ព្រោះនាងទទួលបោះដុំផលិតផល ទៅកាន់តំណាងចែកចាយទូទាំងប្រទេស ខណៈគិតត្រឹមថ្ងៃបើកសម្ពោធនេះ គឺមានតំណាងចែកចាយរបស់ខ្លួនជាង ១០០សាខា ទូទាំងប្រទេសរួចទៅហើយ។

ដោយឡែកលោក អ៉ិត ដារា ដែលជាស្វាមីរបស់តារាចម្រៀង មាស សុខសោភា បានបន្ថែមថា នៅក្នុងជំនួញនេះ លោកបានជួយលើកទឹកចិត្ត និងជ្រោមជ្រែងភរិយាពេញទំហឹង ដោយបានផ្ដល់នូវគំនិតល្អៗ និងជួយរៀបចំយុទ្ធសាស្ត្រនានា ដើម្បីជំនួញនេះទទួលបានជោគជ័យ។ ជាការពិត រូបលោកក្លាយជាទីប្រឹក្សារបស់ភរិយា គ្រប់កាលៈទេសៈទាំងអស់ទៅហើយ ព្រោះការងារអ្វីៗ តែងតែមានរូបលោក ចាំប្រឹក្សាពីក្រោយខ្នងជានិច្ច។

សូមបញ្ជាក់ថា កម្មវិធីបើកសម្ពោធហាង ឃូស៊ីធម្មជាតិ របស់តារាចម្រៀង មាស សុខសោភា គឺមានការអញ្ជើញចូលរួម ពីសំណាក់តារាជាច្រើនរួមមាន លោក អេឡិច ចាន់ត្រា, កញ្ញា មាន សូនីតា, កញ្ញា ញឹម ចាន់ថន, លោក ម៉ា ដូណា, កញ្ញា តី, លោក មាស សុខរតនៈ, នាយ គ្រឿន, កញ្ញា រំដួលលិចទឹក និងតារាល្បីៗជាច្រើនទៀត។ ហាង មាស សុខសោភា សម្រស់ធម្មជាតិ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕