(ភ្នំពេញ)៖ ក្នុងវិស័យភាពយន្ត ភាគតិចណាស់នៃប្រជាជនកម្ពុជាដែលថាមិនស្គាល់លោក សាវិន ហ្វីលីព (Savin Phillip)។ លោក សាវិន ហ្វីលីព (Savin Phillip) ដែលមានទម្រង់មុខមូលថ្ងាសទូលាយ ចិញ្ចើមក្រាសមធ្យម បបូរមាត់ក្រាសល្មម ទឹកមុខមាំ កម្របង្ហាញស្នាមញញឹម ជាមួយពុកមាត់ពុកចង្កា និងមានមាឌក្រអាញធំខ្ពស់មធ្យមជាបុរសអាស៊ី រួមទាំងស្ថិតក្នុងមជ្ឈឹមវ័យ ដែលជាការតម្រូវការ ពីអ្នកដឹកនាំភាគច្រើន និយមឲ្យលោកសម្តែងភាពច្រើន ជាតួអង្គឪពុក ជាតួអភិជនមានអំណាច ឬជាឧក្រិដ្ឋជន បងធំមានស្រីបំរើឆ្វេងស្តាំ រូមទាំងភាពយន្តបរទេសផង ក៏លោកនៅតែគ្រងតំណែងបែបនេះយ៉ាងស័ក្តិសម។ ដោយឡែកជីវិតខាងក្រៅ និងក្នុងគ្រួសារលោកវិញ ថាតើអត្តចរិតលោកបែបណាដែរនោះ? អ្នកគាំទ្រពិតជាមិនដែលបានដឹង។ ថ្មីៗនេះក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៃទូរទស្សន៍ Fresh News អ្នកព័ត៌មាន Fresh News Plus យើងបានជួប កញ្ញា យោធិន វីរីយ៉ា កូនស្រីរបស់លោក សាវិន ហ្វីលីព (Savin Phillip) ជារាតាកិតិ្តយសក្នុងកម្មវីធីនេះ ហើយអ្នកព័ត៌មានយើងបានសួរនៅក្រោយឆាកថា «លោកប៉ាកាចដូចក្នុងរឿងទេ?» កញ្ញា វីរីយ៉ា ឆ្លើយថា៖ ប៉ានៅផ្ទះដូច «តួកំប្លែង» (សើច)។
ខាងក្រោមនេះ យើងនឹងស្វែងយល់ពីលោក សាវិន ហ្វីលីព (Savin Phillip) ថាតើ «តួកំប្លែង» នេះបានន័យយ៉ាងណា? ហើយប្រវត្តិនៃខ្សែជីវិតលោក សាវិន ហ្វីលីព (Savin Phillip) ឆ្លងកាត់អ្វីខ្លះ មកជូនលោកអ្នកអាន ក៏ដូចអ្នកគាំទ្រ ការសម្តែងរបស់លោក សាវិន ហ្វីលីព (Savin Phillip) និងគ្រួសារលោកឲ្យបានជ្រាប។
* អំពីជីវិតគ្រួសារ៖
លោក សាវិន ហ្វីលីព (Savin Phillip) មានឈ្មោះកំណើត តូ យោធិន កើតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៧១ ក្នុងគ្រួសារដែលមានជីវភាពមធ្យម មានស្រុកកំណើតនៅខេត្តកណ្តាល។ ឪពុកលោកឈ្មោះ តូ ឧត្តម ជាអតីតមន្រ្តីរាជការនៅខេត្តតាកែវ ឪពុកលោកក្នុងឆ្នាំ១៩៧៥ ត្រូវបានពួកខ្មែរក្រហមប្រាប់ថា ហៅទៅប្រជុំ ក្រោយមកក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។ ក្រុមគ្រួសារលោកបានសន្និដ្ឋានថា ត្រូវពួក ប៉ុល ពត យកទៅសម្លាប់នាពេលនោះហើយ។ ម្តាយលោកឈ្មោះ នៅ សាវិន ជាអតីតគ្រូបង្រៀននៅសាលារៀនកំពង់កន្ទួត និងក្រោយឆ្នាំ១៩៧៩ ជាគ្រូបង្រៀន បច្ចុប្បន្នជាស្ត្រីមេម៉ាយមានអាយុ៧៤ឆ្នាំ។ លោក តូ យោធិន មានបងប្អូន៣នាក់ លោកជាកូនច្បងមានប្អូនប្រុសបន្ទាប់ និងប្អូនស្រីពៅម្នាក់ តែពួកគេបានស្លាប់ ដោយអត់អាហារ និងខ្វះទឹកដោះនាឆ្នាំ១៩៧៦ ក្នុងរបប ប៉ុលពត នៅឯខេត្តបាត់ដំបង។ ក្នុងរបប ប៉ុល ពត កុមា តូ យោធិន ទើបមានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ ហើយរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាយ ក្រោមការភ័យខ្លាចអត់ឃ្លានដូចប្រជាជនកម្ពុជាទូទៅដែរ។
បច្ចុប្បន្ន លោកមានភរិយា និងកូន៣នាក់ ប្រុស២នាក់ស្រី១នាក់។ ភរិយាលោកឈ្មោះ សែម ឆវី ជាប្រធានពិធីការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តការកិច្ចការអាស៊ានផងដែរ និងជាពិធីការិនី លំដាប់ថ្នាក់ជាតិ។ អ្នកស្រីតែងបង្ហាញមុខនៅកម្មវិធីព្រឹត្តិការណ៍ថ្នាក់ជាតិនានា ដែលរៀបចាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នៅទូរទស្សន៍បាយ័ន ឬទូរទស្សន៍ជាតិ។ កូនប្រុសច្បងឈ្មោះ យោធិន វីរ៉ាយុត្ត អាយុ ១៨ឆ្នាំ បច្ចុប្បន្នជានិសិត្សឆ្នាំទី២ ផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ PARAGON ( អតីត ZaMan ) កូនស្រីកណ្ដាលឈ្មោះ យោធិន វីរីយ៉ា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២០-២០២១ និងជាតារាសម្ដែងតាមលំអានលោកជាឪពុក និងកូនប្រុសពៅឈ្មោះ យោធិន វិរៈរាជ អាយុ៥ឆ្នាំ។
ចំពោះការប្រើឈ្មោះ សាវិន ហ្វីលីព (Savin Phillip) លោកបានឲ្យដឹងថានៅឆ្នាំ ១៩៩៦ ពេលដែលកំពុងសិក្សាក្នុងប្រទេសសិង្ហបុរី។ ឈ្មោះនេះត្រូវបានគ្រូជនជាតិសាំងហ្គាពួរម្នាក់ដាក់ឲ្យ ព្រោះគាត់ថាឈ្មោះ យោធិន គាត់ពិបាកហៅណាស់។ ទើបក្រោយមក និងត្រឡប់ពីប្រទេសសិង្ហបុរី និងចូលប្រឡូកក្នុងវិស័យភាពយន្តលោកក៏ប្រើឈ្មោះ (Savin Phillip) នេះជាប់រហូតមក។
*អំពីប្រវត្តិនៃការសិក្សា៖
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ កុមា តូ យោធិន បានចាកចេញពីបាត់ដំបង ជាមួយម្តាយមេម៉ាយមករស់នៅភ្នំពេញ។ ដោយគ្រប់វ័យសិក្សាកុមា តូ យោធិន ត្រូវបានម្តាយបាននាំទៅចូលសិក្សា នៅសាលាបឋមសិក្សាសន្ធរម៉ុក ដែលម្ដាយលោកធ្វើជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរនៅទីនោះផងដែរ។ ក្រោយបានចូលរៀននៅសាលាបឋមសិក្សា និងបានប្រឡងជាប់ឌីប្លូម នៅសាលាសន្ធរម៉ុកហើយ លោកបានប្ដូរទៅរៀននៅសាលាកំរិសក្សាទី២ទួលគោកវិញ លោកជាសិស្សដែលរៀនពូកែក្នុងថ្នាក់ ពិសេសគឺពូកែអក្សរសាស្រ្តខ្មែរ ហើយបានប្រឡងជាប់កំរិតសិក្សាទី៣ (បាក់ឌុប) នៅឆ្នាំ១៩៨៩។ ក្រោយប្រឡងជាប់បាក់ឌុប លោកបានទៅរៀនភាសាអង់គ្លេស នៅសាលាមួយក្នុងរាជធានីភ្នំពេញ ដែលសាលានេះមានការទទួលស្គាល់ និងគាំទ្រពីស្ថានទូតអូស្រ្តាលី។ នៅពេលនោះ យុវជន តូ យោធិន ត្រូវរៀនផង និងធ្វើការផង ដើម្បីរកចំណូលចិញ្ចឹមខ្លួន និងជួយម្តាយមេម៉ាយ។ នៅទីបំផុតយុវជន តូ យោធិន ទទួលបានបរិញ្ញាបត្រភាសាអង់គ្លេស ពីសាលារៀននោះ ដោយទទួលបានកាគាំទ្រពីស្ថានទូតអូស្រ្តាលី។
ក្រោយពីបញ្ចប់ការសិក្សា លោកបានបើកបង្រៀនភាសាអង់គ្លេសនៅផ្ទះខ្លួនឯង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅផ្លូវកម្ពុជាក្រោម ស្របពេលជាមួយគ្នាលោកមក ក៏បានចូលធ្វើកាជាបុគ្គលិកបណ្ដែតនៅសណ្ឋាគារសាមគ្គី (បច្ចុប្បន្នជាសណ្ឋាគារផ្កាយ៥ Raffles Hotel Le Royal ) តាមរយៈជីតាលោក។ ពេលនោះលោកធ្វើជាអ្នកទទួលភ្ញៀវ (Receptionist )ផង និងជាអ្នកយួរវ៉ាលីភ្ញៀវ (Bell boy) រហូតដល់ជំនាន់អ៊ុនតាក់ចូលស្រុក។ ពេលអ៊ុនតាក់ គឺជាពេលមួយដែលលោកបានស្គាល់ក្រដាសប្រាក់ដុល្លារ ជាលើកដំបូងក្នុងជីវិត (លុយធីប) ហើយរាល់លុយធីប ដែលលោករកបានលោកតែងយកមកជូនម៉ែលោកជានិច្ច។ លោកបានឲ្យដឹងថា «ពេលខ្លះម្ដាយខ្ញុំយំដោយគាត់រំភើបពេក»។
* អំពីប្រវត្តិក្នុងវិស័យសិល្បៈ និងស្នាដៃ៖
ក្រោយពីបង្រៀនភាសាអង់គ្លេស លោក តូ យោធិន ក៏ត្រូវបានគ្រួសារផលិតករមួយ ជាម្ចាស់ផលិតកម្មបន្ទាយស្រីភាពយន្ត គឺអ្នកស្រី នូ ណាកុល អញ្ជើញឲ្យជួយបង្រៀនភាសាអង់គ្លេសកូនគាត់ក្រៅម៉ោង។ ពេលបង្រៀននោះលោកក៏បានជួប លោក ហង្ស ពិសិដ្ឋ ដែលជាដឹកនាំរឿង បានហៅលោកឲ្យថតសាកល្បងជាដំបូងក្នុងរឿង «ស្អប់ស្អប់» ជាតួមិត្តភក្តិរបស់តួឯកប្រុសដែលសម្ដែងដោយលោក ខៃ ប្រសិទ្ធ និងតួឯកស្រី អ៊ុ កណ្ណារី។
ចំណុចនេះហើយ ជាការឈានជើងចូលវិថីសិល្បៈដំបូង ដោយភាពចៃដន្យដែលកាលនោះលោក តូ យោធិន មានអាយុ ២៣ឆ្នាំ និងនៅឆ្នាំបន្ទាប់ៗមកទៀត លោកក៏បានថតរឿងផ្សេងទៀតជាមួយលោក ពេជ្រ ភិរុណ លោក ខៃ ប្រសិទ្ធ លោក ទេព រិនដារូ ។ល។ ហើយបន្តថតរឿងភាគជាលើកដំបូងឲ្យលោក ហ្វៃ សំអាង គឺរឿងភាពដំបូងគឺរឿង «ភ្នំទាបជាងស្មៅ» បញ្ចាំងនៅទូរទស្សន៍រាជធានីភ្នំពេញ TV3 និង បន្ទាប់មកថតផលិតកម្មអង្គរវត្ត របស់អ្នកស្រី អ៊ីវ៉ែត សំ និងជាបន្តបន្ទាប់ បានថតការ៉ាអូខេឲ្យផលិតកម្ម នាគរាជ ឆ្លងដែន។ល។ ពេលនោះលោកក៏មិនទាន់ឈប់បំរើការងារនៅសណ្ឋាគារនៅឡើយទេ។ លោកបានឲ្យដឹងថា រឿង«ជាតិស្រ្តី» របស់លោក ហ្វៃ សំអាង ពេលនោះលោកទទួលថតតែថ្ងៃសៅរ៍ និងអាទិត្យប៉ុណ្ណោះ ដោយសារវាប៉ះពាល់ និងការងារសណ្ឋាគារ។ និងរឿងដុំចុងក្រោយមួយ ដែលលោកថតមុនចាកចេញទៅរៀននៅសិង្ហបុរី គឺរឿង «ចាំថ្ងៃវិលវិញ» របស់ផលិតករខ្មែរមកពីអាមេរិកម្នាក់។ រឿងនោះលោកសម្ដែងជាតួឯកប្រុស និងតួឯកស្រី ឈ្មោះ កែវ ធីតា។
នៅក្នុងឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១០ បានអវត្តមានរូបលោកលើវិស័យភាពយន្តនេះ។ មូលហេតុនៃអវត្តមាននេះលោកបានឲ្យដឹងថា ពេលនោះនៅឆ្នាំ១៩៩៦ លោកត្រូវបានក្រុមហ៊ុននៃសណ្ឋាគារ Raffles Hotel Le Royal ជ្រើសរើសរូបលោកឲ្យទៅរៀនបន្តនៅប្រទេសសិង្ហបុរី ផ្នែកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ រយៈពេលមួយឆ្នាំ។ ពេលនោះហើយ ដែលលោកបានប្រើឈ្មោះហៅក្រៅថា «Savin Phillip»។ ក្រោយពេលត្រឡប់ពីសិង្ហបុរីវិញ លោកត្រូវបានបន្តធ្វើការក្នុងវិស័យសណ្ឋាគារនេះជាច្រើនឆ្នាំ រហូតដល់ក្លាយជាតំណែង អ្នកចាត់ការទូទៅ( Hotel General Manager )ដល់ឆ្នាំ២០១០ ក្រោយពេលការងារចុងក្រោយរបស់លោក គឺធ្វើជា GM នៅសណ្ឋាគារឯករាជ្យ៧ជាន់ ក្នុងព្រះសីហនុចំនួន២ឆ្នាំ។
នៅឆ្នាំ២០១០ នៅពេលលោកមានវ័យអាយុ៤០ឆ្នាំ លោកក៏បានសំរេចចិត្តត្រលប់ចូលសិល្បៈវិញដោយពេលនោះមានការជំទាស់យ៉ាងខ្លាំងពីភរិយាលោក។ លោក សាវិន ហ្វីលីព (Savin Phillip) បានថតរឿងបានច្រើនរឿងទាំង MV , Short Film , TVC និងរឿងភាគ ប៉ុន្តែប្រហែលមានតែភាគយន្តចំនួន៤រឿងប៉ុណ្ណោះដែលបានធ្វើអោយកេរ្តិឈ្មោះលោកល្បីខ្លាំងគឺរឿង «ហនុមាន» និងរឿង« JailBreak» ដែលជាតួអង្គការពារឧក្រិដ្ធជន របស់អ្នកដឹកនាំជនជាតិអ៊ីតាលី Jimmy Henderson និងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» របស់អ្នកស្រី Angelina Jolie។ រឿង «តម្លៃស្នេហ៍» របស់ផលិតកម្មខ្មែរមេគង្គ ដឹកនាំរឿងដោយផលិតករជនជាតិអង់គ្លេស ឈ្មោះ Matthew Robinson ។ រឿងទាំង៤ សុទ្ធតែជារឿងល្បីៗហើយទទួលពានរង្វាន់ជាច្រើននៅក្នុងមហោស្រពភាពយន្តអន្តរជាតិតំណាងអោយកម្ពុជា។
ចំពោះការរើសតូសម្តែង លោក សាវិន ហ្វីលីព (Savin Phillip) បានឲ្យដឹងថា «អ្នកដឹកនាំរឿងភាគច្រើននិយាយថា ខ្ញុំមានទឹកមុខមាំសមជាបុរសពិត អ៊ីចឹងភាគច្រើនពួកគាត់និយមឲ្យខ្ញុំសម្ដែងជាតួអង្គអ្នកមាន មានស្រីបំរើឆ្វេងស្តាំ, តួបងធំ។ល។ តែការពិតខ្ញុំអាចសម្ដែងបានគ្រប់តួអង្គទាំងអស់»។ លោកបានបន្ថែមឲ្យដឹងទៀតថា «ខ្ញុំបានជួបផលិតករស្រីម្នាក់ ក្នុងកម្មវិធីសប្បុរសធម៌មួយនៅឆ្នាំ២០១០ ដែលកាលនោះគាត់ធ្វើការ នៅក្រុមហ៊ុនមួយឈ្មោះ AD Maker ផលិតករស្រីនោះចាប់អារម្មណ៍លើមុខមាត់របស់ខ្ញុំ គឺគាត់កំពុងស្វែងរកតារាវ័យកណ្ដាលថ្មីម្នាក់ ដែលរាងសង្ហាហើយកំពុងជោគជ័យក្នុងការងារដើម្បីថតស្ពតពាណិជ្ជកម្មថ្មី គឺឱសថ Giloba ជំនួយខួរក្បាលបង្កើនការចងចាំ។ ពេលនោះផលិតករស្រីមិនបានដឹងថា ខ្ញុំធ្លាប់ជាអ្នកសម្ដែងពីមុនទេ។ ក្រោយពីពិភាក្សាគ្នា ខ្ញុំសុំគិតមួយសប្ដាហ៍កន្លងមក ខ្ញុំក៏យល់ព្រមថតឲ្យគាត់ ស្របពេលដែលការងារប្រចាំថ្ងៃរបស់លោក កាន់តែមានសម្ពាធខ្លាំងៗទ្បើង»។
* អំពីជំនួញក្រៅពីសិល្បៈ៖
ដោយភ្ជាប់ពីរឿងខាងលើ និងការមានសម្ពាធខ្លាំងពីកន្លែងធ្វើការរបស់លោក លោកក៏គិតថា បើនៅតែធ្វើការឲ្យគេដោយប្ដូរពីសណ្ឋាគារមួយទៅសណ្ឋាគារមួយ ដូច្នេះជីវិតលោកនឹងមិនមានអ្វីផ្លាស់ប្ដូរថ្មីទេ ទោះជាបានប្រាក់ខែ រាប់ពាន់ដុល្លារក៏ដោយ។ បទពិសោធន៍២៤ឆ្នាំ ក្នុងវិស័យសណ្ឋាគារ វាលើសពីគ្រប់គ្រាន់សំរាប់លោក ដោយសារលោកចំណាយពេលយ៉ាងតិច ១៦ម៉ោង ក្នុងមួយថ្ងៃក្នុងសណ្ឋាគារ និយាយជារួម គឺគ្មានពេលវេលាសំរាប់ក្រុមគ្រួសារឡើយ។ នេះជាមូលហេតុដែលលោកសម្រេចចិត្ត វិលមកកាន់ឆាកសម្ដែងវិញ ហើយបន្តរកស៊ីការងារអចលនទ្រព្យបន្តិចបន្តួច តាំងពីពេលនោះមកដល់សព្វថ្ងៃនេះ។
បច្បុន្នក្រៅពីរកទទួលទាន លើវិស័យអចលនទ្រព្យ និងនិងសម្តែង លោកក៏ជាឯកអគ្គរាជទូតសុឆន្ទៈ ( Goodwill Ambassador) របស់អង្គការសប្បុរសធម៌មួយរបស់អាមេរិក ដែលផ្ដោតសំខាន់លើការអប់រំ និងផ្ដល់សម្ភារៈសិក្សា, កង់។ល។ ដល់កុមារក្រីក្រតាមសហគមនានានៅកម្ពុជា។
*អំពីប្រវត្តិនៃរឿងស្នេហា៖
នៅក្នុងរឿងសម្តែង លោក សាវិន ហ្វីលីព (Savin Phillip) ភាគច្រើនសម្តែងជាតូអង្គសំបូរស្រីស្នេហ៍ ចុះក្នុងជីវិតពិតវិញ យ៉ាងណាដែរ? តាមការស្វែងរកព័ត៌មាន ជុំវិញរឿងប្រវត្តិស្នេហានៃគ្រួសារលោក សាវិន ហ្វីលីព (Savin Phillip) គឺផ្ទុយស្រឡះនឹងជីវិតក្នុងរឿង បានន័យថា ក្នុងគ្រួសារលោករស់នៅដោយសុភមង្គលយល់ចិត្តគ្នា រវាងលោកនិងភរិយានិងកូនៗ អស់រយៈពេល២០ឆ្នាំហើយ គឺមិនដូចក្នុងសាច់រឿងនោះឡើយ។ ដោយឡែកកូនស្រីរបស់លោក គឺកញ្ញា យោធិន វីរីយ៉ា បានឲ្យដឹងថា នៅផ្ទះលោកចូលចិត្តនិយាយលេងសើច យកចិត្តទុកដាក់ជាមួយគ្រួសារ ពិសេសស្រឡាញ់ភរិយា ប្រឡែងលេង ជាមួយកូនៗ គាត់តែងតែធ្វើឲ្យពួកគេសើចសប្បាយដូច «តូកំប្លែង»។
លោក សាវិន ហ្វីលីព (Savin Phillip) បានរៀបការជាមួយអ្នកស្រី សែម ឆវី នៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០០០ ដោយគិតមកដល់ពេលនេះមានរយៈពេល២០ឆ្នាំ។ កាលពីដំបូងនៃការស្គាល់គ្នារបស់អ្នកទាំង រហូតដល់កាន់ដៃគ្នាចូលរោងការ សាងអនាគតរួមគ្នានោះ គឺអ្នកទាំងពីបានស្គាល់ក្នុងឋានៈជាតារាសម្តែងដូចគ្នា និងបានស្វែងយល់ចិត្តគ្នាមួយរយៈ មានការដឹងឮពីចាស់ទុំទាំងសងខាង ហើយបានដឹកដៃគ្នាសាងសុភមង្គលគ្រួសារ រហូតមកដល់បច្ចុប្បន្ន ដោយបានចំណងដៃកូនប្រុសស្រីបីនាក់ ដូចបានរៀបរាប់ខាងលើ។ តែបច្ចុប្បន្នអ្នកស្រី សែម ឆវី បានឈប់ប្រឡូកក្នុងវិស័យសិល្បៈសម្តែងហើយ ដោយអ្នកស្រីរវល់និងការងាររាជការ ដូចបានជំរាបជូនខាងលើជាមួយនិងការមើលការខុសត្រូវកូនៗក្នុងគ្រួសារ និងម្តាយចាស់។
ថ្មីៗនេះ ក្នុងពេលគំរប់ខូប២០ឆ្នាំ នៃអនុស្សាវរីយរបស់លោក និងភរិយា លោកបានបង្ហោះក្នុងហ្វេសប៊ុក របស់លោកផ្ទាល់ ជាមួយសំណេរដ៏មានខ្លឹមសារថា «នេះមកទទួលសោរផ្ទះថ្មីមួយទៀត ចំថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍២០ឆ្នាំ របស់ពួកយើងតែម្ដង (ថ្ងៃទី២៦ខែធ្នូ ២០០ ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២០)។ អរគុណភរិយាដ៏ល្អរបស់បង ដែលបានតស៊ូលះបង់រស់នៅជាមួយបង ហើយអូនជាចំណែកមួយដ៏សំខាន់បំផុត នៅពីក្រោយភាពជោគជ័យ នៃការងាររបស់បងកន្លងមក អូនក៏ជាម្ដាយដ៏អស្ចារ្យម្នាក់ ដែលមិនអាចខ្វះបានសំរាប់កូនៗទាំងបីរបស់យើងផងដែរ។ បុរី ប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ Happy 20years Wedding Anniversary សាវិន ហ្វីលីព & សែមឆវី»។
* អំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិ៖
តាមការស្វែងរក និងផ្តល់កិច្ចសម្ភាសន៍ខ្លះជាមួយលោក សាវិន ហ្វីលីព (Savin Phillip) បានឲ្យដឹងថា ការខំប្រឹងប្រែងរបស់លោកនិងគ្រួសារ បានឲ្យដឹងថាលោកមានរថ្តយន្ត២គ្រឿងគឺ RAV 2003 ពណ៌ទឹកមាស ដែលជាទ្បាន សំណប់ចិត្តរបស់ភរិយាលោក បានប្រើប្រាស់១០ឆ្នាំមកហើយ និងរថយន្ត Prius 2006 ពណ៌សមួយគ្រឿង មានម៉ូតូទំនើប២គ្រឿង។ និងមានគ្រឿងអលង្កការមួយចំនួន។ ដោយឡែកផ្ទះវិញ មាន៥កន្លែង ទី១នៅបុរី ប៉េង ហួត បឹងស្នោរ ដែលមានតម្លៃប្រហែលជាង១៦ម៉ឺនដុល្លា ជាផ្ទះលោករស់នៅសព្វថ្ងៃ, ទី២នៅក្រោយពេទ្យលោកសង្ឃ មានតម្លៃជាង២៥ម៉ឺនដុល្លារ, ទី៣ នៅបុរី តារាសំណាង ច្បារអំពៅតម្លៃ១៥ម៉ឺនដុល្លារ, ទី៤នៅបុរីឈូកវ៉ា៣ តម្លៃ៧ម៉ឺនដុល្លារ ទី៥នៅភូមិភ្ញាជ័យ ក្រុងសៀមរាប តម្លៃ៣០ម៉ឺន និងមានដីធ្លីច្រើនកន្លែងទៀត។
* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត៖
តាមការស្វែងរក និងសួរនាំពីអ្នករស់នៅក្បែរលោក សាវិន ហ្វីលីព (Savin Phillip) លោកទម្លាប់រត់ហាត់ប្រាណរៀងរាល់ព្រឹក ក្នុងបុរីប៉េងហួតបឹងស្នោ។ ចំពោះអាហារវិញ កញ្ញា យោធិន វីរីយ៉ា កូនស្រីរបស់លោកបានឲ្យដឹងថា លោកចូលចិត្តទទួលទានបន្លែខៀវច្រើន មិនសូវទទួលទានសាច់ច្រើនទេ។ ចំណែកភេសជ្ជៈលោកទទួលទានទឹកច្រើនជាងពីរលីត្រក្នុងមួយថ្ងៃ មិនទម្លាប់ទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិផ្អែមទេ។ លោកចូលចិត្តស្លៀកខោខូវប៊យ និងពាក់អាវយឺតជាទូទៅ។ ចូលចិត្តកាត់សក់ខ្លី តាមធម្មតាលោក និងភរិយាចូលចិត្តរស់នៅក្នុងភាពសាមញ្ញ មិនចូលចិត្តសម្ភារៈនិយម ឯលោកវិញ មិនចេះពាក់នាទ្បិកាដៃទេ។
ទស្សនៈរបស់លោកសាវិន ហ្វីលីព (Savin Phillip) «ចូរព្យាយាមធ្វើការងារណា ដែលអ្នកស្រឡាញ់ពេញចិត្តបំផុត កុំបោះបង់វាកណ្ដាលទី ថ្ងៃណាមួយអ្នកនឹងរកឃើញពាក្យថា ជោគជ័យ មិនខាន»៕