(ភ្នំពេញ)៖ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2021 ក្រុមបាល់ទាត់វិសាខា របស់កម្ពុជា នឹងត្រូវតតាំងជាមួយ Lalenok United ដែលមកពីទីម័រខាងកើត នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ នៅលើទឹកដីកណ្ដាល។
វិសាខា ត្រូវចូលរួមប្រកួតជម្រុះបឋមដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសាខាងមុខទល់នឹង Lalenok ដើម្បីរកក្រុមឈ្នះឡើងទៅប៉ះក្រុម Persipura Jayapura របស់ឥណ្ឌូនេស៊ីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ទាក់ទងទៅនឹងកម្មវិធីប្រកួតដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឲ្យដឹងថា នៅក្នុងការប្រកួតជម្រុះនីមួយៗ នឹងត្រូវលេងនៅលើទឹកដីកណ្តាល ហើយការប្រើប្រាស់ម៉ោងបន្ថែម (១៥នាទី ២ដង) និងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី នឹងត្រូវប្រើ ដើម្បីសម្រេចក្រុមឈ្នះ ប្រសិនបើមានករណីចាំបាច់។
គួរដឹងថា ក្រុមដែលតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ មានវិសាខា ដែលជាជើងឯកពានសម្តេចតេជោ ហ៊ុន សែន និងក្រុមបឹងកេត ជាជើងឯកលីគកំពូលកម្ពុជា ក្នុងឆ្នាំ២០២០ ដូចគ្នា។ ដោយក្នុងនោះបឹងកេត បានកៅអីទៅវគ្គចែកពូលដោយស្វ័យប្រវត្តិ គ្រាដែលវិសាខា ត្រូវលេងវគ្គជម្រុះ។
ប្រសិនបើឆ្លងកាត់ ២ប្រកួតដោយជោគជ័យនោះ វិសាខា នឹងត្រូវឡើងទៅបង្រ្គប់កៅអីសម្រាប់ពូល H ដែលមាន ៣ក្រុមទៀតចាំទទួលស្វាមគន៍មានដូចជា KEDAH DARUL AMAN របស់ម៉ាឡេស៊ី ក្រុម LION CITY SAILORS របស់សិង្ហបុរី) និងក្រុម SAIGON របស់វៀតណាម៕