(កូរ៉េ)៖ មានសេចក្តីរាយការណ៍ថា ផលិតកម្មធំៗពីររបស់កូរ៉េខាងត្បូង Big Hit Entertainment, GY Entertainment និងស្ថាប័នផ្សព្វផ្សាយ Naver Corp បានសហការគ្នា ក្នុងគម្រោងមួយ។ ជុំវិញដំណឹងនេះ Big Hit Entertainment ត្រូវបានគេដឹងថា បោះទុនវិនិយោគជាមួយ YG Plus ខណៈ Naver បានវិនិយោគទៅក្នុងបុត្រសម្ព័ន្ធមួយរបស់ Big Hit បានន័យថា ក្រុមហ៊ុនធំៗទាំងបី គឺរួមដៃគ្នាក្នុងគម្រោងធំមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា ក្រុមហ៊ុនទាំងបីនេះ កំពុងធ្វើការលើគម្រោងមួយ ដើម្បីសាងសង់កន្លែងប្រគំតន្ត្រីមួយ លើផ្ទៃដី ២២,០០០ ម៉ែត្រការ៉េ ក្នុងទីក្រុង Uijeong-bu Rhythm ដែលជាតំបន់កំពុងអភិវឌ្ឍន៍។ ជាពិសេស សាលប្រគំតន្ត្រីនេះ នឹងបំពាក់នូវបច្ចេកវិទ្យា SFX និង VFX ដែលជាបច្ចេកវិទ្យាមួយ ធ្វើឲ្យការសម្តែងរបស់សិល្បករ មានភាពលេចធ្លោរ និងទាក់ទាញបំផុត។ ការប្រគំតន្រ្តីនោះទៀតសោត នឹងមានការផ្សាយផ្ទាល់លើ YouTube និងបណ្តាញផ្សព្វផ្សាយផ្សេងៗផងដែរ។

គួរជម្រាបថា ទីតាំងដែលក្រុមហ៊ុនទាំងបីខាងលើ សហការគ្នាសាងសង់សាលប្រគំតន្ត្រីនោះ គឺជាកន្លែងតែមានសក្តានុពលបំផុត ព្រោះវាមានកន្លែងវប្បធម៌នានា ផ្សារទំនើប កន្លែងស្នាក់នៅស៉ីវីល័យជាដើម។ គម្រោងនេះ ត្រូវបានគេនិយាយថា នឹងបញ្ចេញការសាងសង់នៅឆមាសទី១ នៃឆ្នាំ២០២២។

ទស្សនិកជនពិតជាមិនអាចគិតទុកជាមុនបានទេ ថានៅពេលសាលប្រគំតន្ត្រីនោះរួចរាល់ វានឹងមានភាពអស្ចារ្យប៉ុណ្ណា ខណៈផលិតកម្ម Big Hit គឺជាជម្រករបស់ក្រុម BTS ខណៈផលិតកម្ម YG ជាជម្រករបស់ក្រុមចម្រៀង BLACKPINK ហើយក្រុមទាំងពីរ សុទ្ធតែមានភាពល្បីល្បាញខ្លាំងរៀងៗខ្លួន ខណៈផលិតកម្មទាំងពីរ ក៏មានភាពខ្លាំងមិនណយនោះដែរ ដូច្នេះការសហការគ្នានេះ ជារឿងដែលថ្មីមួយ សម្រាប់អ្នកគាំទ្រក្នុងការទន្ទឹងរង់ចាំថា នឹងមានអ្វីកើតឡើងថ្មីៗបន្តទៀត៕