(សិង្ហបុរី)៖ កីឡាការិនីគុនចម្រុះខ្មែរ-អាមេរិក អែម សុវណ្ណារី បានផ្តួលជើងខ្លាំងកូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ ក្នុងព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។

បន្ទាប់ពីខកចិត្តក្នុងការប្រកួតលើកចុងក្រោយរបស់ខ្លួន ដោយចាញ់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ត្រឹមទឹកទី១ ក្នុងកម្មវិធី ONE: Mark of Greatness កាលពីឆ្នាំ២០១៩ អែម សុវណ្ណារី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអភិវឌ្ឍឲ្យក្លាយជាកីឡាការិនីប្រដាល់គុនចម្រុះពិតប្រាកដ រហូតបានយ៉ាងល្អក្នុងការប្រកួតខាងលើ។

ជាមួយការបង្ហាញខ្លួនជាថ្មីលើសង្វៀនលំដាប់ពិភពលោក ONE បន្ទាប់ពីខកខាន ១ឆ្នាំនេះ គ្រាន់តែចូលទឹកទី១ ភ្លាម អែម សុវណ្ណារី បានចូលអោប និងកាច់ផ្តួលកីឡាការិនីកូរ៉េ Choi Jeong Yun ដើម្បីដាក់គំនាបជំនាញក្រោមតែម្តង ។ យ៉ាងណាសម្រាប់ ៥នាទីដំបូង កីឡាការិនីកូរ៉េអាចទប់ស្កាត់ និងដោះខ្លួនចេញពីការគាប់សង្កត់របស់កីឡាការិនីខ្មែរ-អាមេរិករូបនេះ។

ប៉ុន្ដែចូលដល់ទឹកទី២ សុវណ្ណារី មិនបណ្តោយឲ្យឱកាសកន្លងហួសនោះទេ ដោយនាង បានព្យាយាមចូលចាប់អោប និងកាច់ផ្តួលដដែល។ ជាលទ្ធផលក្រោយខំប្រឹងហ្វឹកហាត់ជំនាញក្រោមជាង ១ឆ្នាំ កីឡាការិនីខ្មែរអាមេរិករូបនេះ បានរក្សាការដាក់គំនាបគាប់សង្កត់លើគូប្រកួត ជាមួយការវ៉ៃកណ្តាប់ដៃសន្ធាប់លើ Choi Jeong Yun រហូតអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

នេះគឺជាជ័យជម្នះលើកទី២ របស់កីឡាការិនីវ័យ ២៧ឆ្នាំ អែម សុវណ្ណារី លើសង្វៀន ONE Championship ក្នុងប្រវត្តិឡើងសង្វៀនលំដាប់អន្ដរជាតិនេះចំនួន ៣លើក ខណៈជ័យជម្នះលើកទី១ នាងបានយកឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselova ត្រឹមទឹកទី១ ក្នុងកម្មវិធី ONE: Destiny of Champions កាលពីឆ្នាំ២០១៨៕