(មីឡាន)៖ Zlatan Ibrahimovic និង Romelu Lukaku សុទ្ធតែត្រូវបានព្យួរជើង ១ប្រកួតដូចគ្នាពីការពិន័យកាតក្រហមនៃព្រឹត្តិការណ៍ Coppa Italia ដែលបានប៉ះទង្គិចគ្នាមួយប្រាវផងដែរ។

អតីតខ្សែប្រយុទ្ធមកពីក្លិប Manchester United ខាងលើនេះបានប៉ះទង្គិចគ្នារហូតដល់ទទួលបានកាតលឿង ២ដង ស្មើនឹងកាតក្រហមនៅអំឡុងការប្រកួតពានលំដាប់ទី២ Coppa Italia កាលពីរាត្រីថ្ងៃអង្គារដើមសប្តាហ៍នេះ ដែលសុទ្ធសឹងរក ១គ្រាប់ដូចគ្នាផងដែរ នៅមុនពេលកីឡាករបម្រុង Christian Eriksen គ្រាប់ជ័យជម្នះដោយបាល់ free kick ឲ្យ Inter Milan យកឈ្នះភ្ញៀវ AC Milan ក្នុងលទ្ធផល ២-១ ចុងម៉ោង។

នៅក្នុងជម្លោះនោះដែរ កីឡាករស៊ុយអែតត្រូវបានគេចោទប្រកាន់ថា បានប្រើពាក្យក្នុងន័យរើសអើងពូជសាសន៍ទៅខ្សែប្រយុទ្ធប៊ែលហ្សិក Romelu Lukaku ដែលជាប្រធានបទក្តៅ សហព័ន្ធបាល់ទាត់អ៉ីតាលី បានកំពុងតែធ្វើការស៊ើបអង្កេតបន្តទៀតដែរ។

តែយ៉ាងណា Zlatan ក៏បានសរសេរបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃពុធថា ពុំពិតដូចការចោទប្រកាន់នោះឡើយ និងសូមធ្វើការបដិសេធទាំងស្រុង។ ១ប្រកួតដែលពួកគេនឹងអវត្តមាននោះ ពុំត្រូវបានបញ្ជាក់ក្នុងប្រកួតណាមួយឡើយ៕