(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានបញ្ចប់ការប្រកួតហើយ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២១ នេះនៅទីលានបាល់បោះ នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ដោយក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាសច្រើនជាងគេ។

ក្រោយបញ្ចប់ការប្រកួតដោយជោគជ័យ បន្ទាប់ពីពន្យារពេលច្រើនលើកដោយសារបញ្ហាកូវីដ-១៩ លោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ដោយកីឡាករ-កីឡាការិនី បានបង្ហាញនូវការប្រកួតប្រជែងដ៏ទាក់ទាញ និងរីកចម្រើនគួរឲ្យកត់សម្គាល់។

ទន្ទឹមជាមួយគ្នាលោកបានជំរុញកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែម ដើម្បីពួតដៃគ្នាសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសអ្នកទទួលបានជយលាភីក្នុងការប្រកួតនេះ ដើម្បីអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសបន្ថែម ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១ នេះផងដែរ។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលលើកមកប្រកួត និងទើបបញ្ចប់នាល្ងាចថ្ងៃសុក្រនេះ គឺមានកីឡាករ-កីឡាការិនី ៧៦នាក់ មកពី ១២សមាគម/ក្លិប រាជធានី-ខេត្ត និងក្រសួងចូលរួម។ ចំពោះវិញ្ញាសាប្រកួត គឺមានសរុប ១៧វិញ្ញាសា ក្នុងនោះមានវិញ្ញាសាប្រយុទ្ធ ៩ប្រភេទ និងវិញ្ញាសាសម្ដែងចំនួន៨។

ជាលទ្ធផលការប្រកួតក្រសួងការពារជាតិ ឈរលេខ១ ដណ្ដើមបានមេដាយមាស៧ និងសំរឹទ្ធ១ ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស៥ និងប្រាក់៤។ រីក្លិបតារាជអង្គរ ខេត្តសៀមរាប ឈរលេខ៣ ឈ្នះមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ១, ក្លិបហ្វ្រេនហ្សូន ឈរលេខ៤ ឈ្នះមេដាយមាស១, ប្រាក់៤ និងសំរឹទ្ធ៦ និងខេត្តប៉ៃលិន ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ ឈរលេខ៥៕