(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអះអាងថា នឹងរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិក្រុងព្រះសីហនុឡើងវិញ ក្រោយពេលចប់វិបត្តិកូវីដ-១៩ ហើយអាចឈានទៅដល់ការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងរត់ចម្ងាយ ៤២គីឡូម៉ែត្រទៀតផង។

ការលើកឡើងនេះបន្ទាប់ពី NOCC និងក្រសួងទេសចរណ៍ បានសហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយ នៅក្រុងព្រះសីហនុនាថ្ងៃទី១៤ ខែកុម្ភៈខាងមុខ គឺកម្មវិធី «ជិះកង់នៃក្ដីស្រលាញ់»។ ប៉ុន្ដែបន្ទាប់ពីកម្មវិធីនេះ NOCC នឹងពិចារណារៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិក្រុងព្រះសីហនុឡើងវិញ ដ្បិតព្រឹត្តិការណ៍នេះបានខកខានរៀបចំរយៈពេល ៣ឆ្នាំមកហើយ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា «ឆ្នាំក្រោយៗទៀត នៅពេលដែលអស់កូវីដ-១៩ យើងនឹងរៀបចំឡើងវិញនូវទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុអន្ដរជាតិ ក្រុងព្រះសីហនុ ហើយអាចឈានទៅដល់ម៉ារ៉ាតុង (៤២គីឡូម៉ែត្រ) ដោយសារតែផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធឥឡូវ គឺវាឆ្លើយតបទៅនឹង Full Marathon ហើយ ហើយហេដ្ឋារចនាសម្ព័ន្ធស្អាត បើយើងថតរូបភាពនេះទៅបរទេស គឺថាគេចង់មកហ្មង...»

គួរបញ្ជាក់ថា ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិក្រុងព្រះសីហនុ បានរៀបចំចំនួន ៧លើកមកហើយ ខណៈចុងក្រោយបានរៀបចំ កាលពីឆ្នាំ២០១៨ មុនផ្អាកមកទល់បច្ចុប្បន្ន។ យ៉ាងណាមិញ ថ្នាក់ដឹកនាំ NOCC បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើងវិញ បន្ទាប់ពីចប់កូវីដ-១៩ ស្របពេលក្រុងព្រះសីហនុបច្ចុប្បន្នបានអភិវឌ្ឍ រីកចម្រើន និងប្រែមុខមាត់ថ្មី គួរឲ្យទាក់ទាញបំផុតសម្រាប់អ្នកនិយមរត់កម្សាន្ដ៕