(ភ្នំពេញ)៖ ពិតជាមានទឹកចិត្តគួរឱ្យគោរព និងកោតសរសើរខ្លាំងណាស់ ដោយកូនខ្មែរមួយក្រុម បានសហការគ្នាបើកសាលាបង្រៀនខ្នាតតូចមួយឈ្មោះថា ហៃ សាន ( HAISAN) ដើម្បីជួយបង្រៀនដល់កូនខ្មែរដែលជាយុវជនជំនាន់ក្រោយ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀនសូត្រ បានរៀនសូត្រលើជំនាញ Multi Media ដែលមានចម្រុះ រហូតដល់ជាង១៤ ដោយមិនគិតថ្លៃ និងមិនមានលក្ខខណ្ឌអ្វីទាំងអស់ ទារទាមតែការប្តេជ្ញាចិត្ត និងការខិតខំសិក្សាតែប៉ុណ្ណោះ។

ប្រាប់ដល់ភ្នាក់ងារអ្នកសារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសជួបជុំសិស្សប្រមាណ៣០នាក់ លោក សំ ចាន់តារាពេជ្រ ជានាយក សាលាបង្រៀន ហៃ សាន ដែលស្ថិតនៅក្នុងបុរី ប៉េង ហួត សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា បានជាលោកសម្រេចចិត្តបើកសាលា ជួយបង្រៀន ដល់សិស្ស និស្សិត ដោយឥតគិតថ្លៃលើជំនាញ Multi Media ដែលមានចម្រុះជាច្រើនមុខនេះ គឺដើម្បីជួយដល់សិស្សនិងនិស្សិត ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងកាស្វែងរកកន្លែងរៀន ដើម្បីពង្រឹងនូវចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។

លោក សំ ចាន់តារាពេជ្រ ក៏បានរំលឹកផងដែរថា មុននឹងលោកបានឈានមកដល់ថ្ងៃនេះ ដំបូងឡើយក៏ដោយសារតែលោកចង់ស្វែងរកចំណេះដឹងដាក់ខ្លួន តែដោយ សារតែគ្មានថវិកា ទើបលោកបានសម្រេចចិត្តដើរសុំកន្លែងគេរៀន ដោយអំណាចនេះបុណ្យក៏បានជួយនឹងលោកគ្រូរបស់លោក បានបង្រៀនលោកឱ្យទទួលបានចំណេះដឹង និងអាចជួយឱ្យលោកមានឱកាសរកបានការងារល្អៗធ្វើ និងទទួលបានប្រាក់កម្រៃអាចផ្គត់ផ្គង់ខ្លួនឯងបាន។

លោកបានបន្តថា ដោយសារតែលោកទទួលបាននូវអំពើល្អពីលោកគ្រូ លោកនៅតែចង់បន្តធ្វើអំពើល្អនេះបន្តទៅទៀត តាមរយៈការបើកនូវសាលាបង្រៀនជូនដល់សិស្ស និស្សិតក្រីក្រ អាចមកទទូលយកនូវចំណេះដឹងបន្ថែមលើជំនាញ Multi Media ដែលមានដូចជា ជំនាញកាត់តវីដេអូ ថតរូប Graphic Disign Motion Graphic និងមានជំនាញផ្សេងៗជាច្រើនមុខទៀត ដែលពាក់ព័ទ្ធនិងបណ្តាញសង្គមនេះផងដែរ។

លោក សំ ចាន់តារាពេជ្រ ក៏បានអំពាវនាវដល់សិស្សានុសិស្ស ដែលមានបំណងចង់ទទួលបានចំណោះដឹងបន្ថែម អាចមករៀននៅសាលារបស់លោកបាន ជាមួយនេះដែរ បើសិនជាបងប្អូនដែលមានបំណងចង់ជួយសហការ ឫជួយឧត្ថម្ភដល់សាលា ហៃសាន អាចទំនាក់ទំនងតាមលេខទូរសព្ទ ០១០ ២២២ ០០៣ លោករីករាយនឹងទទួលយក និងសហការណ៍ ដោយមានគោលបំណងតែមួយគឺជួយពង្រឹងនូវចំណេះដឹងបន្ថែមដល់សិស្ស និស្សិត ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ និងអាចធ្វើការងារ មួយបានសមរម្យ។

លោក ភឿង សុខជា និងកញ្ញា ផុន ភារ៉ាជ្ញា ដែលជាសិស្សរៀននៅសាលា ហៃ សាន បានឱ្យដឹងដូចគ្នាថា ដោយសារសព្វថ្ងៃនេះធ្វើការងារបានប្រាក់ខែតិចមិនមាន លទ្ធភាពក្នុងការស្វែងរកកន្លែងរៀនដែលថ្លៃ ដូចនេះហើយសាលា ហៃ សាន ដែលបានបើកបង្រៀនដោយមិនគិតថ្លៃ ពិតជាអាចជួយសម្រាលពួកគាត់បានច្រើន ហើយក្នុងនោះដែរគឺអាចរៀនតាមម៉ោងដែលទំនេរ មិនប៉ះពាល់ដល់ម៉ោងធ្វើការនោះទេ។

លោក ភឿង សុខជា និងកញ្ញា ផុន ភារ៉ាជ្ញា បានឱ្យដឹងទៀតថា សាលានេះពិតជាល្អណាស់សម្រាប់សិស្ស និស្សិតដែលក្រីក្រី អាចមករៀនបានដើម្បីទទួលបានជំនាញ មួយយ៉ាងពិតប្រាកដ។ ទាំងពីរនាក់ក៏បានថ្លែងនូវអំណរគុណដល់លោកគ្រូសាលា ហៃ សាន ទាំងអស់ ដែលបានបើកបង្រៀនជួយដល់អ្នកក្រីក្រីយ៉ាងដូចនេះផងដែរ៕