(ភ្នំពេញ)៖ បន្ទាប់ពីចាកចេញពីផលិតកម្មថោន ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល កាលពីពាក់កណ្តាលឆ្នាំ២០២០ នៅពេលនេះតារាចម្រៀងសំឡេងផ្អែម មាស សុខសោភាព បានសម្រេចចិត្តទៅជ្រកក្រោមទ្រនំថ្មីជាផ្លូវការហើយ ពោលផលិតកម្មថ្មីនោះ គឺមានឈ្មោះថា «រាម»។

ដំណឹងចូលជ្រកក្រោមទ្រនំថ្មីនេះ ត្រូវបានមាស សុខសោភា ផ្ទាល់ថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្ននាងបានសម្រេចចិត្តចុះកុងត្រៀម ចូលធ្វើជាតារាចម្រៀងពេញសិទ្ធ ក្នុងផលិតកម្មថ្មីមួយហើយ គឺផលិតកកម្ម រាម ខណៈព្រឹត្តិការណ៍សម្ពោធផលិតកម្មរាម និងការស្វាគមន៍វត្តមានរបស់ មាស សុខសោភា មកកាន់ផលិតកម្មរាម គឺនឹងត្រូវធ្វើឡើងក្នុងខែកុម្ភៈ ក្នុងពេលជាមួយគ្នាតែម្តង។

ពិតណាស់ បន្ទាប់ពីចាកចេញពីផលិតកម្មថោន មានទស្សនិកជនមិនតិចនាក់នោះទេ បានទន្ទឹងរង់ចាំវត្តមានរបស់ មាស សុខសោភា ក្នុងផលិតកម្មថ្មី ខណៈមហាជនមួយចំនួនក៏បានលើកឡើងថា ប្រហែលចូលផលិតកម្មមួយនេះ មួយនោះ ដែលហាក់បីដូចជាមិនមានភាពច្បាស់ការទាល់តែសោះ ខណៈដំណឹងដែលចេញពីមាត់ មាស សុខសោភា ផ្ទាល់នេះគឺច្បាស់ការមួយរយភាគរយតែម្តង។

តារាចម្រៀងសំឡេងមានទឹកដម មាស សុខសោភា បាននិយាយថា «នាងខ្ញុំបានចុះកុងត្រាជាមួយនឹងផលិតកម្មរាម ដែលគាត់គឺជាផលិតកម្មថ្មីមួយដែរ ចឹងនាងខ្ញុំបានសម្រេចចិត្តចូលក្នុងផលិតកម្មនឹងជាផ្លូវការហើយ ក៏ប៉ុន្តែព្រឹត្តិការណ៍ដែលយើងនឹងសម្ពោធជាផ្លូវការនៃផលិតកម្មរាម និងការស្វាគមន៍របស់ មាស សុខសោភា នឹងធ្វើនៅថ្ងៃទី១៩ ខែកុម្ភៈនេះតែម្តង... ពោលនឹងធ្វើនៅ ដឺព្រីមៀ សែនសុខ»។

ជាមួយនឹងការទម្លាយព័ត៌មានបែបនេះ មាស សុខសោភាព ផ្ទាល់បានសង្កត់ធ្ងន់ថា វត្តមានរបស់នាងក្នុងផលិតម្មរាម នឹងមានកម្មវិធីប្លែកៗ ក៏ដូចជាបទចម្រៀងថ្មីៗជាច្រើនទៀត ដែលនាងនិងក្រុមការងារថតទុក ដើម្បីចែកជូនមហាជន។ ទន្ទឹមគ្នានេះនាងក៏បានសុំការអធ្យាស្រ័យផងដែរ ពីអ្នកគាំទ្រ ដែលមានការព្រួយបារម្ភ និងទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ចំពោះវត្តមានរបស់នាងក្នុងផលិតកម្មថ្មី។

សូមបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា មួយរយៈធំចុងក្រោយនេះ នាងហាក់ដូចជាមិនមានសកម្មភាពសិល្បៈខ្លាំងដូចមុនឡើយ ឬអាចនិយាយបានថា កំពុងសំងំផលិតកម្មចម្រៀងក្នុងផលិតកម្មថ្មី ទើបមុនទាន់បញ្ចេញសកម្មភាពបែននេះ។ ក្រៅពីសម្រេចចូលក្នុងផលិតកម្មថ្មី គឺផលិតកម្មរាម គេក៏បានដឹងផងដែរ ថាតារាចម្រៀង មាស សុខសោភា ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយទៀតដែរ គឺផលិតកម្ម «Camtrax» ដែលមានស្វាមីរបស់នាង គឺលោក អ៊ឹត ដារ៉ា ជាអ្នកគ្រប់គ្រង៕