(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានលើកឡើងនៅថ្ងៃសុក្រនេះថា ជប៉ុននៅតែប្តេជ្ញាថា ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងធ្វើឡើងតាមការគ្រោងទុក នៅទីក្រុងតូក្យូ នារដូវក្តៅឆ្នាំនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។
ស្របពេលដែលមានការប្រមើលឃើញថា ព្រឹត្តិការណ៍នេះ អាចនឹងត្រូវលុបចោលម្តងទៀត ដោយសារតែការរីករាលដាលនៃវីរ៉ុស COVID-19 នោះ, ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានបញ្ជាក់នៅថ្ងៃពុធថា IOC ប្តេជ្ញាមុតមាំ នឹងរៀបចំព្រឹត្តិការណ៍តាមការគ្រោងទុក។
លោក Suga បានប្រាប់នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៃវេទិការសេដ្ឋកិច្ចពិភពលោក ថា «ជប៉ុន ប្តេជ្ញា ផ្តល់ក្តីសង្ឃឹម និងភាពក្លាហានដល់ពិភពលោក តាមរយៈព្រឹត្តិការណ៍កីឡានេះ ហើយលោកនឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយលោក Bach ដើម្បីរៀបចំព្រឹត្តិការណ៍ ប្រកបដោយសុវត្ថិភាព និងសន្តិសុខ»។
ជប៉ុន បានរងផលប៉ះពាល់ដោយរលកទី៣ នៃវីរ៉ុស COVID-19 ដែលបង្ករឲ្យមានការប្រកាសដាក់តំបន់មួយចំនួន ស្ថិតនៅក្នុងភាពអាសន្ន។
គួររំលឹកថា លោក Suga បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីមុន មានជំងឺ៕