(ភ្នំពេញ)៖ តើត្រូវធ្វើការចាត់ចែងបែបណាឱ្យមានភាពត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងករណីឪពុកម្តាយមានបំណងធ្វើប្រទានកម្ម (អំណោយ) នូវទ្រព្យសម្បត្តិរួម របស់ខ្លួនឱ្យទៅកូន?
សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោង ស្តីពី ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «កម្មវត្ថុនៃប្រទានកម្ម ជាទ្រព្យសម្បត្តិរួមប្តីប្រពន្ធ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
ឪពុកម្តាយតែងតែយកចិត្តទុកដាក់ ចិញ្ចឹមបីបាច់ថែរក្សា បារម្ភអំពីជីវភាពរស់នៅ និងអនាគតរបស់កូន ទោះបីជាកូនក្លាយជាមនុស្សពេញវ័យ (នីតិជន) ឬបានរៀបអាពាហ៍ពិពាហ៍ហើយក៏ដោយ។ ជាក់ស្តែង ឪពុកម្តាយភាគច្រើនដែលមានលទ្ធភាព ឬមានទ្រព្យច្រើន តែងតែប្រគល់នូវទ្រព្យសម្បត្តិណាមួយរបស់
ពួកគាត់ឱ្យទៅកូនៗសម្រាប់ជាទុនក្នុងការប្រកបអាជីវកម្ម ឬផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសាររបស់កូន។ នៅក្នុងគ្រួសារខ្លះ នៅពេលដែលឪពុកម្តាយបែកបាក់គ្នា ហើយឈានដល់ការលែងលះ ដែលជាហេតុនាំឱ្យមានការបែងចែកទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ក៏ពួកគេមានបំណងចង់ឱ្យតុលាការធ្វើការបែងចែកទ្រព្យរួម ឱ្យទៅកូនរបស់ពួកគេផងដែរ។
ក្នុងករណីដែលឪពុកម្តាយបានប្រគល់ទ្រព្យណាមួយរបស់ពួកគាត់ឱ្យទៅកូន ហើយកូនយល់ព្រមទទួល ចំណុចនេះ តាមផ្លូវច្បាប់ហៅថា ប្រទានកម្ម (អំណោយ)។
ការធ្វើអំណោយនូវទ្រព្យណាមួយឱ្យទៅកូនរបស់ខ្លួន ទោះបីជាទ្រព្យនោះជាទ្រព្យរួមរបស់ប្តីប្រពន្ធពួកគាត់ក៏ដោយ ក៏ពុំមានបញ្ហាអ្វីដែរ ប្រសិនបើប្តីប្រពន្ធឯកភាពគ្នាក្នុងការប្រគល់ទ្រព្យសម្បត្តិដែលជាទ្រព្យរួមឱ្យទៅកូន សកម្មភាពនេះតាមផ្លូវច្បាប់ ហៅថាការចាត់ចែងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ។ ចំពោះកម្មវត្ថុនៃប្រទានកម្ម គឺជាអចលនវត្ថុ ឪពុកម្តាយ (អ្នកធ្វើអំណោយ) និងកូន (អ្នកទទួលអំណោយ) ត្រូវធ្វើកិច្ចសន្យាប្រទានកម្មតាមទម្រង់នៃលិខិយថាភូត (ជាក់ស្តែងហៅថា លិខិតអំណោយផ្តាច់)។បញ្ហាចោទគឺ ករណីឪពុកម្តាយលែងលះគ្នា ហើយស្នើសុំឱ្យតុលាការបែងចែកទ្រព្យសម្បត្តិរួម ឱ្យទៅកូន (ប្រទានកម្ម) ជាកំហុសឆ្គងតាមផ្លូវច្បាប់។ នៅក្នុងការអនុវត្តជាក់ស្តែង យើងឃើញថា មានករណីខ្លះ នៅពេលដែលប្តីប្រពន្ធធ្វើការលែងលះគ្នា ទ្រព្យសម្បត្តិរួមខ្លះ ឬទាំងស្រុង ត្រូវបានស្នើសុំឱ្យតុលាការបែងចែកឱ្យទៅកូនរបស់ពួកគេ ហើយសេចក្តីសម្រេចបញ្ចប់បានធ្វើការបែងចែកទ្រព្យសម្បត្តិរួមប្តីប្រពន្ធឱ្យទៅកូន។
ឧទាហរណ៍ ប្តីប្រពន្ធមានផ្ទះ (លំនៅឋានគ្រួសារ) ចំនួន ០១ កន្លែង និងប្រាក់ចំនួន ២០០.០០០ ដុល្លារ ពួកគេបានស្នើសុំឱ្យតុលាការបែងចែកផ្ទះឱ្យទៅកូន ហើយប្រាក់ចំនួន ២០០.០០០ ដុល្លារ ប្តីទទួលបាន ១០០.០០០ ដុល្លារ ប្រពន្ធទទួលបាន ១០០.០០០ ដុល្លារ។ ចំពោះករណីនេះ តុលាការមិនអាចធ្វើការបែងចែកទ្រព្យសម្បត្តិរួមតាមការស្នើសុំរបស់ភាគីប្តីប្រពន្ធបានទេ ពីព្រោះការបែងចែកទ្រព្យសម្បត្តិនៅពេលលែងលះគ្នា គឺជាការបែងចែកនូវទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ រវាងប្តីប្រពន្ធនោះតែប៉ុណ្ណោះ ហេតុនេះតុលាការពុំអាចធ្វើការបែងចែកទ្រព្យសម្បត្តិ ដែលបានកំណត់ជាក់លាក់ទៅឱ្យតតិយជន (កូន) ក្រៅពីភាគីប្តីប្រពន្ធបានឡើយ។
ម្យ៉ាងវិញទៀត សេចក្តីសម្រេចអំពីការលែងលះ ជាសេចក្តីសម្រេចដែលកំណត់អំពីការរំលាយអាពាហ៍ពិពាហ៍ បែងចែកទ្រព្យសម្បត្តិរួម កំណត់អំពីអ្នកមានអំណាចមេបាចំពោះកូនជាអាទិ៍ ប៉ុន្តែមិនអាចកំណត់អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធនោះទេ ពីព្រោះប្រសិនបើប្តីប្រពន្ធធ្វើការចាត់ចែងទ្រព្យសម្បត្តិរួម នោះទ្រព្យសម្បត្តិទំាងអស់នោះ លែងក្លាយជាកម្មវត្ថុនៃការបែងចែកនៅក្នុងសេចក្តីសម្រេចរបស់តុលាការទៀតហើយ។
ការធ្វើប្រទានកម្មនូវទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធឱ្យទៅកូន ជាសកម្មភាពនៃការចាត់ចែងទ្រព្យរួមរបស់ប្តីប្រពន្ធ ហេតុនេះមិនមែនជាកម្មវត្ថុដែលតុលាការអាចធ្វើការកំណត់នៅក្នុងសេចក្តីសម្រេចលែងលះនោះទេ។
សរុបមក ប្រសិនបើប្តីប្រពន្ធលែងលះគ្នា ហើយមានបំណងប្រគល់ទ្រព្យសម្បត្តិ ដែលជាទ្រព្យរួមរបស់ប្តីប្រពន្ធឱ្យទៅកូន សូមធ្វើតាមរយៈកិច្ចសន្យាគឺគ្រប់គ្រាន់ ពុំគប្បីស្នើសុំក្នុងបណ្តឹង ឬពាក្យសុំលែងលះនោះទេ ហើយទោះបីជាសេចក្តីសម្រេចរបស់តុលាការ ធ្វើការបែងចែកទ្រព្យរួមប្តីប្រពន្ធឱ្យទៅកូនក៏ដោយ ក៏សេចក្តីសម្រេចនោះពុំមានអានុភាពតាមផ្លូវច្បាប់ដែរ ចំពោះការបែងចែកទ្រព្យសម្បត្តិឱ្យទៅកូន។
រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់ ទូរស័ព្ទលេខ ០១៧ ៥២៣ ២២៩ ៕