(ភ្នំពេញ)៖ ចំណីអាហារសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម គឺអាចបរិភោគអាហារទូទៅធម្មតា ប៉ុន្ដែគួរត្រូវជ្រើសរើសចំណីអាហារណាដែលគួរ និងមិនគួរបរិភោគ ហើយមានបរិមាណតិចតួច មិនដាច់ខានមិនឱ្យបរិភោគនោះទេ ដូចជាបង្អែមជាដើម ព្រោះមានជាតិស្ករច្រើន ដូច្នេះគួរតែបរិភោគកុំញឹកញាប់។
នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត អុីវ ម៉ាឡែន ឯកទេសទឹកនោមផ្អែម និងជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ។
លោកស្រីវេជ្ជបណ្ឌិតក៏បានគូសបញ្ជាក់ គន្លឹះនៃការបរិភោគអាហារឱ្យបានត្រឹមត្រូវ ចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ដើម្បីចៀសវាងហានិភ័យដល់សុខភាព ដែលមានដូចខាងក្រោម៖
* ផឹកទឹកឆ្អិនដាំពុះ ឬទឹកស្អាត ចៀសវាងភេសជ្ជៈណា ដែលសំបូរជាតិស្ករ (ឧទាហរណ៍៖ គ្រឿងកំប៉ុងដូចជា ទឹកសូដា ទឹកក្រូច ឬទឹកផ្លែឈើ)។ ប៉ុន្ដែអាចបរិភោគម្ដងម្កាល ក្នុងបរិមាណតិចតួច។
* ចៀសវាងការញុំាបង្អែម ឬអាហារសម្រន់ ដែលសំបូរសារជាតិស្ករច្រើន។
* គួរញុំាអាហារសម្រន់មុនចូលគេង ដើម្បីការចុះជាតិស្ករក្នុងឈាម នៅកណ្ដាលយប់ (ឧទាហរណ៍៖ នំប៉័ងមួយបន្ទះ ទឹកដោះគោមួយកែវ ឬនំប៊ីសគីត៦ដុំតូចៗ)។ ចំណុចនេះ វាស្រ័យទៅលើលទ្ធផលជាតិស្ករក្នុងឈាម នៅពេលដែលចាក់អាំងស៊ុយលីន, តែបើយើងបានញុំាអាហារច្រើនពេលល្ងាច មិនគួរញុំាអាហារសម្រន់ទៀតទេ។
* ត្រូវញុំាអាហារឱ្យបានទៀងទាត់ ត្រឹមត្រូវតាមពេលវេលា និងចំនួនកំណត់នៃរបបអាហារ (បរិមាណត្រឹមត្រូវ)។
* ធ្វើតេស្ដជាតិស្ករ មុនធ្វើលំហាត់ប្រាណ ប្រសិនបើជាតិស្ករ <៩០mg/dL (មីលីក្រាមក្នុងមួយដេស៊ីលីន) ពេលនោះត្រូវញុំាអាហារ ដែលមានជាតិស្ករភ្លាម រួចធ្វើតេស្ដជាតិស្ករឡើងវិញ រាល់៣០នាទីម្ដងក្រោយលំហាត់ប្រាណ។
* ក្នុងកម្រិតជាតិស្ករ ១០០-២៥០mg/dL អាចធ្វើលំហាត់ប្រាណ ដោយគ្មានហានិភ័យនោះទេ។ ប៉ុន្ដែគួរប្រយ័ត្នផងដែរថា បើធ្វើលំហាត់ប្រាណ ចន្លោះពី១-១ម៉ោងកន្លះ អាចធ្វើតេស្ដឈាម ព្រោះការហាត់ប្រាណយូរពេក ក៏អាចចុះឈាមស្ករក្នុងឈាមក្រោម៧០mg/dL ដែលមានអាការៈស្ដែងចេញដូចជា ញ័រដៃជើង ឬបែកញើសអត់សូវស្រួលខ្លួន ត្រូវបញ្ឈប់ការហាត់ប្រាណ និងទៅរកអាហារញុំាភ្លាម ចៀសវាង ប្រកាច់ និងសន្លប់បាត់ស្មារតី។
* ត្រូវរៀនអាននូវការណែនាំនៃអាហារទាំងឡាយ ដែលត្រូវបរិភោគ និងត្រូវចេះពិនិត្យជ្រើសរើសប្រភេទអាហារ និងបរិមាណឱ្យបានសមស្រប។
* ត្រូវចាប់ផ្ដើមញុំាអាហារនៅចន្លោះ ១៥ទៅ៣០នាទី ឬញុំាភ្លាមៗក្រោយពីចាក់អាំងស៊ុយលីន អាស្រ័យទៅតាមប្រភេទអាំងស៊ុយលីន ដែលអ្នកប្រើ ដើម្បីកុំឱ្យចុះជាតិស្ករក្នុងឈាម៕