(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការលើកទឹកចិត្តដល់ក្លឹបប្រដាល់ឡុងហាយ និងសូមឲ្យបង្កើតវេទិកាសម្រាប់ការប្រកួតប្រដាល់ជាតិ និងអន្តជាតិ ពិសេសផ្តោតលើការបណ្តុះបណ្តាលអ្នកប្រដាល់ឱ្យមានសមត្ថិភាពគ្រប់គ្រាន់ ដើម្បីចូលរួមព្រឹត្តិការណ៍ទ្រង់ទ្រាយធំលំដាប់អន្តរជាតិ តំណាងឱ្យប្រទេសកម្ពុជា និងធ្វើសហប្រតិបត្តិការជាមួយវេទិកាព្រឹត្តិការណ៍ល្បីៗទាំងក្នុង និងក្រៅប្រទេស និងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាចម្រុះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់បេនរិចគ្រុប (Benrich Group) នារាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារហ័ងសាន ភ្នំពេញ។ លោកស្រីកិត្តិសង្ហហបណ្ឌិត ថ្លែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះបេនរិចគ្រុបដែលបានទទួលជោគជ័យ ដោយបានដំណើរការគម្រោងវិនិយោគដ៏ធំនៅកម្ពុជា។
ក្រុមហ៊ុន បេនរិច គ្រុប បានចាប់ផ្តើមពីឆ្នាំ២០១៥ ដោយផ្តោតសំខាន់លើវិស័យអចលនទ្រព្យ អាហារ និងកីឡា។ បច្ចុប្បន្នក្រុមហ៊ុនបេនរិចគ្រុប បានសាងសង់សំណង់អគារអន្ដរជាតិសាងទូ (Shangdu) ដែលកំពុងលេចចេញជារូបរាង នៅកណ្តាលរាជធានីភ្នំពេញ ចំងាយប្រហែល ៥០០ម៉ែត្រពីផ្សារធំថ្មី មានកម្ពស់ ៣៦ជាន់។ ហើយគម្រោងត្រូវបានបញ្ចប់ការសាងសង់តំណាក់កាល់ទី១ ដោយជោគជ័យ ហើយកំពុងបន្តការតុបតែង និងបំពាក់គ្រឿងសង្ហារឹមក្នុងតំណាក់កាលទី២ ដែលគ្រោងនឹងបញ្ចប់ជាសា្ថពរនៅឆ្នាំ២០២២ខាងមុខ។ ក្រុមហ៊ុនក៏បានបង្កើតក្លឹបប្រដាល់មួយដែលមានឈ្មោះថា ក្លឹបប្រដាល់ ឡុងហាយ ដើម្បីរួមចំណែក លើកស្ទួយវិស័យកីឡាប្រដាល់ រួមទាំងប្រដាល់សេរី និងគណខ្មែរគ្រប់ទម្រង់របស់កម្ពុជា និងជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងចិន និងកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងបន្តថា ជាការពិតណាស់ក្រោមការដឹកនាំ ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះកម្ពុជា ទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ លើសពីនេះទៀត កម្ពុជាអាចគ្រប់គ្រងសភាពការណ៍ទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ បានគួរឱ្យកត់សំគាល់ ហើយយើងរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញ ជាបណ្តើរៗ នៅឆ្នាំនេះ និងឆ្នាំខាងមុខ។
លោកស្រីបន្តថា កម្ពុជាបានអនុវត្តនយោបាយចិនតែមួយ ដោយរួមជាមួយកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយចិនបានពូនជ្រំ ជាមិត្តភាពដ៏រឹងមាំ។ មហាមិត្តចិនបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កម្ពុជាជាច្រើន រួមមាន ហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ជំនួយឥតសំណង កម្ចីសម្រាប់ការអភិវឌ្ឍ ផ្តល់សម្ភារៈ យានយន្ត ថ្នាំពេទ្យ និងជាពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ប្រទេសចិនបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ជាក់ស្តែង ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍនៅប្រទេស នានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូ ត្រក្នុង កិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនង ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យផ្សេងៗទៀត។
លោកស្រីកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណដល់ក្រុមហ៊ុនបេនរិចគ្រុប ដែលមានជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅលើរាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាពវិនិយោគ និងជួយជំរុញវិស័យកីឡា។ លោកស្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបេនរិច គ្រុប និងក្លិបប្រដាក់ឡុងហាយ ធ្វើសកម្មភាពរបស់ខ្លូន ដោយជោគជ័យ និងសូមគោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមានរបស់កម្ពុជា។ ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននេះនឹងបន្តសកម្មភាពប្រកបដោយជោគជ័យ តទៅទៀត ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ ប្រជាពលរដ្ឋកម្ពុជា៕