(អាមេរិក)៖ លោក Elon Musk ជាម្ចាស់ និងនាយកប្រតិបត្តិនៃក្រុមហ៊ុន SpeceX និងក្រុមហ៊ុន Tesla បានក្លាយជាកំពូលមហាសេដ្ឋីទី១ លើពិភពលោក ជាមួយទ្រព្យសម្បត្តិ ១៨៥ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២១ និងបានធ្លាក់មកនៅលេខរៀងទី២វិញ បន្ទាប់ពីលោកខាតបង់ប្រាក់ជិត ១៤ពាន់លានដុល្លារត្រឹមតែពេល ១ថ្ងៃ ពោលគឺ មួយ សប្ដាហ៍ក្រោយពីក្លាយជាកំពូលមហាសេដ្ឋីលេខ១ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Forbes កាលពីថ្មីៗនេះបានឱ្យដឹងថា ក្រោយពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើង យ៉ាងគំហុកនោះ បានធ្វើឱ្យលោក Elon Musk ក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១ ជាមួយនឹងទ្រព្យសម្បត្តិ ១៨៥ពាន់លានដុល្លារ ប៉ុន្តែ មួយ សប្ដាហ៍ក្រោយមក ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ ៨ភាគរយ បានធ្វើឱ្យលោក Elon Musk ខាតបង់ប្រាក់ ១៣.៥ពាន់លាន ដុល្លារ ត្រឹមតែរយៈពេល ១ថ្ងៃ។

ស្របពេលជាមួយគ្នានោះផងដែរ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ក៏បានកើនឡើង ដែលជំរុញឱ្យលោក Jeff Bezos មេធំរបស់ Amazon កើនទ្រព្យសម្បត្តិ និងក្លាយជាកំពូលមហាសេដ្ឋីលេខ១វិញ ជាមួយនឹងទ្រព្យសម្បត្តិ ១៨២ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ លោក Elon Musk មានទ្រព្យសម្បត្តិ ១៧២.៨ពាន់លានដុល្លារអាមេរិក ខណៈលោក Jeff Bezos មានរហូតដល់ ១៨៧ពាន់លានដុល្លារអាមេរិក៕