(ភ្នំពេញ)៖ កញ្ញា សីសី គឺជាតារាសម្តែងស្រីមួយដួងដែលកំពុងមានប្រជាប្រិយភាពគួរសម ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនតាមរយៈការសម្តែងរឿងភាពជាបន្តបន្ទាប់។ ដោយសារតែមានសមត្ថភាពសម្តែងបានល្អ ត្រូវបានអ្នកដឹកនាំផ្តល់ការសម្តែងឲ្យស្ទើរគ្រប់រឿង តារារូបនេះក៏ត្រូវបានគេដឹងថា មានរូបសម្រស់ស្រស់សោភា កែវភ្នែកស្រទន់មានមន្តស្នេហ៍ផងដែរ រហូតដល់មានបុរសៗមិនតិចនាក់នោះទេ មានបំណងចង់ផ្តល់ជំនួយ ឬឧបត្ថម្ភផ្សេងៗ ជាថ្នូរនឹងក្តីស្រឡាញ់ ប៉ុន្តែត្រូវបាន សីសី បង្ហើបថា នាងបានបដិសេដនូវសំណើរទាំងនោះ។

តារាស្រីដែលលេចមុខក្នុងរឿង «អ្នកទី៣» សីសី បានថ្លែងបែបនេះ គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ កញ្ញា សីសី បានថ្លែងថា តាំងពីប្រឡូកក្នុងវិស័យសិល្បដំបូងរហូតមកទល់នឹងពេលនេះ គឺមានរយៈពេលជិត៤ឆ្នាំហើយ ខណៈកំឡុងពេល៤ឆ្នាំនោះ គឺធ្លាប់បានឆ្លងកាត់នូវរ៉ាវរឿងជីវិតមួយចំនួនផងដែរ។ បើនិយាយឲ្យចំទៅ គឺធ្លាប់មានគេចង់ឧបត្ថម្ភផ្សេងៗ ជាថ្នូរនឹងការស្រឡាញ់ ប៉ុន្តែត្រូវបាននាងបដិសេដម្តងជាពីរដង។

កញ្ញា សីសី បានទម្លាយថា ការបដិសេដនោះ គឺដោយសារតែនាងចង់មានអ្វីផ្សេងៗដោយសារសមត្ថភាពខ្លួនឯង ជាពិសេសការមិនទទួលយកជំនួយពីអ្នកដទៃនោះ កុំឲ្យដូចពាក្យមហាជនមួយចំនួនដែលតែងតែនិយាយថា អ្នកសិល្បៈមិនល្អ។ នាងគិតថា តាមពិតទៅអ្នកសិល្បៈក៏មានសមត្ថភាពអាចទិញរបស់របរល្អៗ និងក្រៅពីសិល្បៈគេក៏អាចប្រកបរបរអ្វីផ្សេងៗបានដែរ មិនចាំបាច់ទាល់តែមាននរណាម្នាក់ឧបត្ថម្ភពីក្រោយឡើយ។

យ៉ាងណាមិញ ទាក់ទងនឹងការងារសិល្បៈវិញ សីសី បានឲ្យដឹងថា រយៈពេលនៃការចូលសិល្បៈជិត៤ឆ្នាំមកនេះ នាងបានសម្តែងរឿងប្រហែល១០រឿងមកហើយ និងរឿងដុំ៤រឿងទៀត ដែលមិនទាន់ចាក់បញ្ចាំង ដោយសារតែកូវីដ១៩ គ្រប់រោងកុននានាតម្រូវឲ្យផ្អាកសកម្មភាព មិនមានការជួបជុំមនុស្សច្រើនជាដើម។

គួរជម្រាបថា កញ្ញា សីសី ក្រៅពីមានអាជីពជាតារាសម្តែងដ៏មានប្រជាប្រិយភាពហើយនោះ នាងក៏ជាម្ចាស់ហាងសាឡនម្នាក់។ នាងថា នៅថ្ងៃខាងមុខ ពេលដែលការងារសិល្បៈមិនសូវរវល់ គឺចង់ពង្រីងហាងសាឡនដែលនាងមានសព្វថ្ងៃឲ្យធំបន្ថែមទៀត ខណៈបច្ចុប្បន្នការងារសិល្បៈហាក់មមាញឹកខ្លាំង ដូច្នេះក៏សម្រុកជាមួយសិល្បៈសិនទៅ៕