(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា និងក្លិបព្រះខ័នរាជស្វាយរៀង បានចាប់ឆ្នោតជួបគ្នាទៀតហើយនៅក្នុងវគ្គចាប់គូជម្រុះ នៃពានរង្វាន់ Forward Pre-Season Cup 2021 ដែលរៀបចំដោយក្លិបិវសាខា បន្ទាប់ពីគណៈកម្មការរៀបចំពានរង្វាន់លក្ខណៈមិត្តភាព បានធ្វើសន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋានព្រីនស៍។
ជាមួយការចាប់ឆ្នោតជួបគ្នា រវាងក្រុមខ្លាំងទាំងពីរខាងលើ ត្រូវបានអ្នកគាំទ្រចាត់ទុកជាគូព្រេងមិនព្រាត់នឹងគ្នា ដ្បិតកាលពីប្រកួតពានរង្វាន់សប្បុរសធម៌ Siem Reap Charity Cup 2021 នៅខេត្តសៀមរាប កាលពីថ្មីៗ ក៏ក្រុមទាំងពីរ បានចាប់ឆ្នោតប៉ះគ្នា នៅវគ្គជម្រុះចាញ់ធ្លាក់នេះដែរ ខណៈលទ្ធផលប្រកួតវិសាខា បានវាយបកឈ្នះព្រះខ័នរាជស្វាយរៀង ២-១។
ចំពោះការប្រកួតពាន Pre-Season រៀបចំដោយក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ខាងលើ គឺមាន ៤ក្លិបចូលរួម រួមមានក្លិបព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ និងក្រុមម្ចាស់ផ្ទះវិសាខា។ រីឯលទ្ធផលចាប់ឆ្នោត ១គូទៀត គឺក្លិបភ្នំពេញក្រោន ត្រូវជួបក្លិបអង្គរថាយហ្គឺរ ខណៈការប្រកួតវគ្គចាប់គូជម្រុះ នឹងធ្វើឡើងនាថ្ងៃទី០៥ ខែកុម្ភៈខាងមុខ។
បន្ទាប់ពីចប់ការប្រកួតខាងលើ ក្រុមទទួលបានជ័យជម្នះទាំង ២ប្រកួត នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ដខណៈក្រុមចាញ់ ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។ ការប្រកួត នឹងធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខាតែមួយគត់។ ទន្ទឹមជាមួយគ្នា វិសាខាក៏គ្រោងនឹងលក់សំបុត្រចូលទស្សនាការប្រកួតនេះ នាពេលឆាប់ៗខាងមុខផងដែរ៕