(សេអ៊ូល)៖ បន្ទាប់ពីលេចធ្លាយព័ត៌មានជាច្រើនទាក់ទងនឹង រថយន្តអគ្គិសនីរបស់ Apple ដែល Hyundai ជាអ្នកទទួលបន្ទុកក្នុងការផលិត នោះ នៅពេលនេះ សារព័ត៌មាន Reuters បានចេញផ្សាយថា ក្រុមហ៊ុន Hyundai កំពុងតែ «ព្រួយបារម្ភ» អំពីកិច្ចសហការមួយនេះ។
យោងតាមលិខិតមួយដែលចេញដោយក្រុមហ៊ុន Hyundai បានឱ្យដឹងថា ក្រុមហ៊ុន Hyundai បានបង្ហាញការព្រួយបារម្ភ និង មិនទាន់ មាន ទំនុកចិត្តខ្ពស់ក្នុងការទទួលផលិតរថយន្តអគ្គិសនីឱ្យក្រុមហ៊ុន Apple ខណៈដែល ក្រុមហ៊ុនទាំងពីរនេះមិនទាន់បានប្រកាសពីកិច្ចព្រមព្រៀង ជាផ្លូវការណាមួយឡើយ។
«យើងពិតជាមានការព្រួយរម្ភអំពីរបៀបនៃការផលិតវា (Apple Car) ហើយយើងក៏មិនដឹងថា យើងអាចធ្វើវាបានល្អ ឬអត់នោះទេ។ យើង ជាក្រុមហ៊ុនឯករាជ្យមួយដែលមិនធ្លាប់ផលិតរថយន្តឱ្យក្រុមហ៊ុនដទៃនោះទេ។ យើងក៏មិនច្បាស់ថា យើងអាចធ្វើការជាមួយ នឹង Apple បាន ល្អក្នុងកម្រិតណា ហើយចេញលទ្ធផលមកបានល្អកម្រិតណាដែរនោះទេ»។ នេះជាលិខិតដែលចេញផ្សាយដោយក្រុមហ៊ុន Hyundai។
យោងតាមលិខិតនេះ គេអាចសន្មត់បានថា ក្រុមហ៊ុន Hyundai និង Apple នៅមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការពាក់ព័ន្ធនឹង ការផលិត Apple Car នោះទេ ហើយបើតាមលិខិតនេះផងដែរ ក្រុមហ៊ុន Hyundai មើលទៅហាក់មិនចង់ទទួលយកគម្រោងផលិតរថយន្ត Appel Car ឡើយ ព្រោះខ្លាចបញ្ហា ឬខូចឈ្មោះនៅពេលដែល លទ្ធផលចេញមកល្អ ឬនៅពេលមានជម្លោះរវាងក្រុមហ៊ុនទាំងពីរ ព្រោះថាទាំងពីរក្រុមហ៊ុន នេះ សុទ្ធសឹងតែជាក្រុមហ៊ុនយក្ស និងមានឈ្នោះល្បីល្បាញបំផុតនៅក្នុងវិស័យរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មានព័ត៌មានថាក្រុមហ៊ុន Kia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai នឹងទទួល ការងារផលិតរថយន្ត របស់ ក្រុមហ៊ុន Apple ប៉ុន្តែព័ត៌មានក្រោយមកទៀតបានបញ្ជាក់ថា Apple ចង់បានរថយន្តដែលផលិតរួចចេញពីដៃ Hyundai ខណៈដែល Apple បានប្រកាសជាផ្លូវការថា នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មរថយន្តនៅឆ្នាំ២០២៤៕