(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តកីឡាករ-កីឡាការិនីប៉េតង់គួរយកគំរូតាមវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤សម័យជាប់គ្នា ដើម្បីឈានទៅសម្រេចក្ដីស្រម៉ៃ និងទទួលបានជោគជ័យក្នុងវិស័យកីឡាដ៏មានសក្ដានុពលនេះ។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិ គ្រាដែលលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះមាន ៥៩សមាគម/ក្លិបមកពី ១៥រាជធានី-ខេត្តចូលរួម ស្មើនឹងប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡារិនីសរុប ៤៥២នាក់។

លោក ហ៊ុន ម៉ានី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំជើងឯកថ្នាក់ជាតិតាមគន្លងថ្មីរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបញ្ចប់ដោយជោគជ័យ ហើយលោកបានលើកទឹកចិត្ត ទាំងអ្នកឈ្នះ និងអ្នកចាញ់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគោលដៅរួម គឺដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសលោកបានជំរុញកីឡាករ-កីឡាការិនី ត្រូវយកវីរកីឡាការិនី កែ ឡេង ជាគំរូ និងត្រូវមានគោលដៅច្បាស់លាស់។

កូនប្រុសសម្ដេចតេជោនាយករដ្ឋមន្ដ្រីបន្ដថា «ចំពោះកីឡាករ-កីឡាការិនី សូមខិតខំប្រឹងប្រែងចូលរួម ហើយអាចដាក់អ្នកមីង កែ ឡេង ជាគំរូ ដោយខ្ញុំជឿថា អ្នកដែលចាប់យកកីឡាប៉េតង់នេះ សុទ្ធតែមានចំណងចំណូលចិត្ត និងក្ដីស្រលាញ់ទៅលើការប្រកួតនេះ។ ចឹងបើខ្លួនចូលចិត្ត និងស្រលាញ់កីឡានេះ ត្រូវមានការអត់ធ្មត់ តស៊ូ និងគិតគូរក្នុងការបង្កើនសមត្ថភាព ដូចទៅនឹងអ្នកមីង កែ ឡេង ឬកីឡាករ-កីឡាការិនីផ្សេងទៀត ដើម្បីធ្វើយ៉ាងណាយើងដាក់ជាគំរូ និងគោលដៅដល់ពួកគាត់ ហើយក្នុងនោះ ជាផលចំណេញសម្រាប់សហព័ន្ធ ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម តំណាងជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»

ជាលទ្ធផលក្រោយបញ្ចប់ការប្រកួតរយៈពេល ៣ថ្ងៃ សម្រាប់វិញ្ញាសាបុរសពានធំ ៣នាក់ទល់នឹង ៣នាក់ ក្របខណ្ឌក១ លេខ១ ក្លិបវិស្ណុរាជ លេខ២ ក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី និងលេខ៣ សមាគមយោធភូមិភាគពិសេស។ រីឯក្របខណ្ឌក២ លេខ១ ក្លិបសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ២ ក្លិបរដ្ឋសភាពសែនជ័យ និងលេខ៣ ក្លិបសេនារាជសីហ៍។ វិញ្ញាសានារីពានធំ ៣នាក់ ទល់ ៣នាក់ លេខ១ ក្លិបកងយោធពលខេមរភូមិន្ទ លេខ២ ក្លិបសេនារាជសីហ៍ និងលេខ៣ ក្លិបក្រសួងមហាផ្ទៃ។

ដោយឡែកវិញ្ញាសាយុវជនអាយុក្រោម ១៨ឆ្នាំ ៣នាក់ ទល់ ៣នាក់ លេខ១ ក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ២ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី និងលេខ៣ ក្លិបស្រុកបាណន់ខេត្តបាត់ដំបង។ វិញ្ញាសាយុវជនអាយុក្រោម ១៥ឆ្នាំ ១នាក់ ទល់ នាក់ លេខ១ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លេខ២ ក្លិបវិទ្យាល័យ ហ៊ុន សែន សាលាក្រៅប៉ៃលិន និងលេខ៣ ក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី។

រីឯវិញ្ញាសាយុវនារីអាយុក្រោម ១៨ឆ្នាំ ២នាក់ ទល់ ២នាក់ លេខ១ ក្លិបកងយោធពលខេមរភូមិន្ទ លេខ២ ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងលេខ៣ ក្លិបវិទ្យាល័យ ហ៊ុន សែន សាលាក្រៅប៉ៃលិន និងវិញ្ញាសាយុវនារីអាយុក្រោម ១៥នាក់ ១នាក់ ទល់ ១នាក់ លេខ១ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង លេខ២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងលេខ៣ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន៕