(ភ្នំពេញ)៖ លោក ខេ ស៊ីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានអះអាងថា សហព័ន្ធនៅតែរក្សាការខំប្រឹងអភិវឌ្ឍជានិច្ច ដើម្បីឈានទៅដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពិសេសសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះ ក៏ជាការរួមចំណែកអភិរក្សនូវប្រភេទកីឡាបុរាណ ដែលជាវប្បធម៌ដ៏យូរលង់របស់ខ្មែរនេះផងដែរ។

លោកបានលេីកឡេីងបែបនេះក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅល្ងាចថ្ងៃទី៣១ ខែមករានេះ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃកន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៩០នាក់ មកពី ៩សមាគម/ក្លិបចូលរួមប្រកួតលើវិញ្ញាសាចំនួន១៤។

អនុប្រធានសហព័ន្ធខាងលើបានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាការប្រកួតដ៏សំខាន់ សម្រាប់ការត្រៀមឆ្ពោះទៅស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១ នេះផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង។ តែទន្ទឹមជាមួយគ្នា ការប្រកួតនេះ ក៏ជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមថែរក្សាវប្បធម៌ខ្មែរ គឺកីឡាចំបាប់បុរាណ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរនេះផងដែរ។

លោកបន្ដថា «លើសពីការត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កុំភ្លេចថា ការប្រកួតកីឡាចំបាប់កម្ពុជា ក៏ជាការចូលរួមរក្សាវប្បធម៌មួយ ដោយសារវិញ្ញាសារបស់យើង យើងមានវិញ្ញាសាចំបាប់អន្ដរជាតិផង និងវិញ្ញាសាចំបាប់បុរាណផង ហើយចំបាប់បុរាណនេះ គឺជាវប្បធម៌ខ្មែរ តាំងពីបុរាណ ដែលមានបន្សល់នូវចម្លាក់តាមប្រាង្គប្រាសាទខ្មែរទៀតផង»។

ចំពោះលទ្ធផលការប្រកួតជើងឯកថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែមករានេះវិញ គឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស៧, ប្រាក់៤ និងសំរឹទ្ធ១០ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស៣, ប្រាក់៥ និងសំរឹទ្ធ៥ និងក្លិបគិរីបារមីដំរីមានរិទ្ធ ឈរលេខ៣ ឈ្នះមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ១។ រីឯខេត្តកណ្ដាល និងខេត្តពោធិសាត់ ឈរលេខ៤ និងលេខ៥ ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ដូចគ្នា៕