(ភ្នំពេញ)៖ ការប្រកួតកីឡាយូដូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិ។ អ្វីដែលពិសេស សហព័ន្ធបានសម្រេចនូវផ្លែផ្កាថ្មីៗមួយចំនួន បន្ទាប់ពីបន្ថែមវិញ្ញាសាស៊ីហ្គេម ក្នុងការប្រកួតប្រចាំឆ្នាំនេះ។
លោក ឌៀប វណ្ឌី អគ្គលេខាធិការខេមរសហព័ន្ធយូដូ បានឲ្យដឹងថា ទោះបីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ត្រូវបានពន្យាពេលមកធ្វើនៅឆ្នាំ២០២១ ដោយសារបញ្ហាកូវីដ-១៩ តែឆ្លងកាត់ការប្រកួត ៤ថ្ងៃ លោកសង្កេតឃើញកម្រិតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីយូដូកម្ពុជា ពិសេសអ្នកដណ្ដើមបានជ័យលាភី គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។
លោកបន្ដថា កន្លងមកសហព័ន្ធច្រើនរៀបចំវិញ្ញាសាឯកត្ដជន ឬប្រកួតម្នាក់ ទល់នឹងម្នាក់ តែឆ្នាំនេះ សហព័ន្ធបានបន្ថែមវិញ្ញាសាអន្ដរជាតិ ដែលធ្លាប់មានក្នុងការប្រកួតស៊ីហ្គេម មកដាក់ក្នុងការប្រកួតប្រចាំឆ្នាំនេះ ហើយបានសម្រេចលទ្ធផលយ៉ាងគាប់ប្រសើរ ដោយក្រុមបុរស និងនារី សុទ្ធតែធ្វើបានល្អ ដែលជាក្ដីរំពឹងថ្មីមួយទៀត សម្រាប់កីឡាយូដូកម្ពុជា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ចំពោះពិធីបិទការប្រកួតខាងលើ ក៏មានការចូលរួមពីប្រធានសហព័ន្ធលោក ហេង លី ផងដែរ ខណៈលទ្ធផលក្លិបក្រសួងមហាផ្ទៃ គឺឈ្នះមេដាយច្រើនជាងគេ រួមមានមេដាយមាស ១០, ប្រាក់ ២ និងសំរឹទ្ធ ៥, ក្លិប JJMC ឈរលេខ២ ឈ្នះមេដាយមាស២, ប្រាក់ ៣ និងសំរឹទ្ធ២, ក្លិបបក្សីចាំក្រុង ឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ៥ និងសំរឹទ្ធ ២, ក្លិបសៀមរាប ឈរលេខ៤ ឈ្នះមេដាយមាស ១, ប្រាក់ ២ និងសំរឹទ្ធ ១ និងក្លិបឥន្ទ្រីមិត្តប៉ូលិស ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខរៀងទី៥៕