(កូរ៉េ)៖ បច្ចុប្បន្ននេះវិស័យសិល្បៈរបស់កូរ៉េ ហាក់មានភាពលេចធ្លោរយ៉ាងខ្លាំង ដោយទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនពីបណ្តាប្រទេសជាច្រើន។ បន្ថែមពីនេះ ងាកមកតារាសម្តែងវិញ ក៏រកចំណូលបានមិនតិចនោះដែរ ពីការងាររបស់ពួកគេ។ ថ្ងៃនេះ Fresh News Plus សូមលើកយកតារាសម្តែងស្រីរបស់កូរ៉េចំនួន១០នាក់ ដែលត្រូវបានគេដឹងថា មានប្រាក់ច្រើនជាងគេបំផុត គិតត្រឹមដើមឆ្នាំ២០២១នេះ។

ខាងក្រោមនេះ គឺជាតារាសម្តែងស្រីទាំង១០ ដែលមានប្រាក់ច្រើនបំផុត៖

*ទី១៖ តារាសម្តែងស្រី Lee Young-ae មានប្រាក់សរុបចំនួន ៥២លានដុល្លារ។ តារាស្រីវ័យ៤៩ឆ្នាំ រូបនេះ បានលេចមុខក្នុងខ្សែភាពយន្តរបស់កូរ៉េ ក្នុងឆ្នាំ២០០៣ ហើយនាងក៏ធ្លាប់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ Berlin ជាពិសេសបានក្លាយជាតារាកូរ៉េដំបូងគេ ដែលត្រូវបានជ្រើសរើសជាសមាជិកគណៈវិនិច្ឆ័យនៃមហោស្រពភាពយន្តអន្តរជាតិនេះ។

*ទី២៖ តារាសម្តែងស្រី Song Hye-kyo មានប្រាក់សរុបចំនួន ៣១ លានដុល្លារ។ តារាស្រីវ័យ៣៨ឆ្នាំរូបនេះ បានក្លាយជាតារាកូរ៉េដែលមានតម្លៃខ្លួនខ្ពស់បំផុតអស់រយៈពេលជាយូរមកហើយ។ Song Hye-kyo ទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជននៅអាស៉ីមិនតិចនោះទេ តាមរយៈការសម្តែងរបស់នាង រហូតដល់ឆ្នាំ២០១៧ នាងត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយថា ជាតារាកូរ៉េដែលមានឥទ្ធិពលបំផុតទី៧។

*ទី៣៖ តារាសម្តែងស្រី Go Hyun-Jung មានប្រាក់សរុបចំនួន ៣០លានដុល្លារ។ តារាស្រីរូបនេះ ចាប់ផ្តើមចូលក្នុងពិភពសិល្បៈ តាមរយៈប្រឡងបវរកញ្ញាក្នុងឆ្នាំ ១៩៨៩។ តារាស្រីរូបនេះមានតម្លៃខ្លួនកាន់តែថ្លៃបន្ទាប់ពីជោគជ័យក្នងរឿងកន្លងមក ខណៈរឿងថ្មី «Dear My Friends» នាងទទួលបានប្រមាណ ៤៩,០០០ដុល្លារ ក្នុងមួយវគ្គ។

*ទី៤៖ តារាសម្តែងស្រី Jung Ji-hyun មានប្រាក់សរុបចំនួន ២៦ លានដុល្លារ។ ក្នុងឆ្នាំ២០២០ កន្លងទៅ តារារូបនេះក្លាយជាតារាមួយរូបក្នុងចំណោមអ្នកដែលមានតម្លៃខ្លួនថ្លៃ ហើយកាលពីឆ្នាំ ២០១៧ នាងបានជាប់លេខ៨ ក្នុងទស្សនាវដ្តី Forbes ជាតារាកូរ៉េដែលមានឥទ្ធិពលបំភុត។

*ទី៥៖ តារាសម្តែងស្រី Bae Suzy មានប្រាក់សរុបចំនួន ២៤លានដុល្លារ។ ក្រៅពីតារាសម្តែង នាងក៏ជាតារាចម្រៀងមួយរូបផងដែរ ពោលជាសមាជិកមួយរូបក្នុងក្រុមចម្រៀង A ក្រោមផលិតកម្ម JYP។

*ទី៦៖ តារាសម្តែងស្រី Choi Ji-woon មានប្រាក់សរុបចំនួន ២៣ លានដុល្លារ។ តារារូបនេះត្រូវបានគេចាត់ទុកថា ជាតារាស្រីរបស់កូរ៉េដែលស្អាតបំផុត ក្នុងចំណោមតារាស្រស់សោភាជាច្រើនដួងទៀត ខណៈបច្ចុប្បន្ននៅតែជាប់ឈ្មោះ ជាតារាមានតម្លៃខ្លួនខ្ពស់ ក្នុងឆ្នាំ២០២០។

*ទី៧៖ តារាសម្តែងស្រី Kim Tae-hee មានប្រាក់សរុបចំនួន ២២ លានដុល្លារ។ មិនខុសពីតារាស្រីខាងលើ Kim Tae-hee ត្រូវបានគេចាត់ទុកថា ជាតារាស្រីរបស់កូរ៉េដែលស្អាតបំផុត ក្នុងចំណោមតារាស្រស់សោភាជាច្រើនដួងទៀតផងដែរ។ ជាពិសេសនាង ជាតារាស្រីដែលសម្តែងរឿងបានសមបំផុតក្នុងឆ្នាំ២០២០។

*ទី៨៖ តារាសម្តែង IU មានប្រាក់សរុបចំនួន ២០ លានដុល្លារ។ ក្រៅពីសម្តែង នាងគឺជាអ្នកនិពន្ធចម្រៀង និងអ្នកចម្រៀងដ៏ល្បីមួយរូប។ តារាប្រាក់ចំណូលដែលនាងទទួលបានភាគច្រើន ត្រូវគេដឹងថា បានមកពីតន្ត្រី និងការសម្តែងរបស់នាងផ្ទាល់។

*ទី៩៖ តារាសម្តែងស្រី Han Ji-min មានប្រាក់សរុបចំនួន ១៦ លានដុល្លារ។ តារារូបនេះបានវិវត្តន៍ខ្លួនពីការសម្តែងតួតូចតាច ទៅជាតួធំក្នុងឆ្នាំ២០០៥។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺនាងជាតារាស្រីមួយរូបដែលមានចិត្តសប្បុរស ដោយបានបរិច្ចាគអំណោយនានា ដើម្បីជួយមូលនិធិ សម្រាប់ការអប់រំកុមារនៅប្រទេសកូរ៉េខាងជើ ងនិងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីផងដែរ។

*ទី១០៖ តារាសម្តែងស្រី Him Yoo-jung មានប្រាក់សរុបចំនួន ១១ លានដុល្លារ។ បន្ទាប់ពីផ្តើមសម្តែងក្នុងឆ្នាំ ២០០៣ នាងក្លាយជាតារាសម្តែងវ័យក្មេងល្បីមួយរូបក្នុងប្រទេសកូរ៉េ។ ក្នុងឆ្នាំ ២០១៧ នាងបានជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងបញ្ជីឈ្មោះរបស់ទស្សាវដ្តី Forbes ជាតារាដែលមានឥទ្ធិពឡ និងជាតារាក្មេងជាងគេ ដែលត្រូវបានបញ្ចូលក្នុងបញ្ជី Top ១០ ក្នុងនៅអាយុ ១៧ ឆ្នាំ ហើយក៏ជាតារាវ័យក្មេង ក្នុងចំណោមតារាស្រីមានប្រាក់ច្រើនទាំង១០ផងដែរ៕