(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង ម៉ុន វ៉ាន់ដា បានប្ដេជ្ញាបន្ដការខំប្រឹងបន្ថែមទៀត ដើម្បីមានឱកាសជួយក្រុមថ្មីរបស់ខ្លួន គឺក្លិបព្រះខ័នរាជស្វាយរៀងឈ្នះពានអ្វីមួយក្នុងឆ្នាំ២០២១ ដូចកាលរូបគេជួយក្លិបបឹងកេត ឈ្នះពានសម្ដេចតេជោ ហ៊ុន សែន និងពានលីគកំពូលកម្ពុជាដែរ។
ការលើកឡើងនេះ បន្ទាប់ពីរូបគេបានចាកចេញពីក្រុមនាគខៀវបឹងកេត មកចូលរួមជាមួយស្វាយរៀង។ វ៉ាន់ដា និយាយថា វាពិតជាល្អមែនទែនសម្រាប់ការផ្លាស់ប្ដូរមួយនេះ ដែលផ្ដល់ឱកាសឲ្យខ្លួនទទួលបាននូវបទពិសោធថ្មី ជាមួយក្រុមថ្មី។ លើសពីនេះ គេក៏បានអរគុណគ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor ដែលបានផ្ដល់ទំនុកចិត្តនាំខ្លួនមករួមក្រុមនារដូវកាលថ្មីនេះដែរ។
អតីតយុវជនថ្នាលក្លិបក្រសួងការពារជាតិរូបនេះបន្ដថា «សម្រាប់ខ្ញុំជាកីឡាករអាជីព ហើយអ្នកគាំទ្រ ប្រាកដជាចង់ឃើញ កីឡាករដែលខ្លួនគាំទ្រ បង្ហាញទម្រង់លេងល្អ និងជួយឲ្យក្លិបឈ្នះ។ រដូវកាលនេះ ដើម្បីអ្នកគាំទ្រព្រះខ័នរាជស្វាយរៀងទាំងអស់គ្នា ខ្ញុំនឹងព្យាយាមដូចឆ្នាំមុនៗអញ្ចឹង ដែលធ្វើឲ្យខ្ញុំមានឱកាសជួយក្លិបឈ្នះពានអ្វីមួយសម្រាប់ព្រះខ័នរាជស្វាយរៀង។ ខ្ញុំប្ដេជ្ញានឹងខំលេងឲ្យបានល្អ ដើម្បីអ្នកគាំទ្រទាំងអស់គ្នា»។
គួរបញ្ជាក់ថា ម៉ុន វ៉ាន់ដា បានប្រឡូកអាជីពជាមួយក្លិបអាជីពដំបូង គឺក្លិបបឹងកេតក្នុងឆ្នាំ២០១៨។ បន្ទាប់មកឆ្នាំ២០១៩ រូបគេបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុមនាគខៀវឈ្នះពានសម្ដេចតេជោ ហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន ហើយបន្ដជួយក្រុមឈ្នះជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ នៅឆ្នាំ២០២០ កន្លងទៅ មុនផ្ទេរមកកាន់ក្រុមព្រះខ័នរាជស្វាយរៀងពេលនេះ៕