(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធ Luis Suarez រកបាន ២គ្រាប់ក្នុងជំនួបដែល Atletico Madrid យកឈ្នះម្ចាស់ផ្ទះ Cadiz ៤-២ ដើម្បីជួយក្រុមបន្តនាំមុខកំពូលតារាង La Liga ដាច់ ១០ពិន្ទុគិតត្រឹមសប្តាហ៍ទី២១ ជើងទី២។
២គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយខាងលើនេះ គឺបានកើតឡើងនៅនាទីទី២៨ និងប៉េណាល់ទីនៅនាទី៥០ ដែលកើនបាន ១៤គ្រាប់ ក្នុងចំណោម ១៦ប្រកួតក្នុងលីគអេស្ប៉ាញរដូវកាលឆ្នាំ២០២០-២០២១ នេះ នៅក្រោយការផ្ទេរចេញពីក្លិប FC Barcelona នាខែសីហាកន្លងទៅ។
វត្តមានរបស់ Suarez នេះដែរក៏បានជួយឲ្យក្រុមរបស់លោក Diego Simoene រកបានជ័យជម្នះ ៨ប្រកួតជាប់ៗនៅ La Liga ដូចដែលពួកគេធ្លាប់ធ្វើបានកាលពីឆ្នាំ២០១៤ ដោយឈ្នះ ១៥ដង ក្នុងចំណោម ១៦ប្រកួតក្នុងលីគកំពូលអេស្ប៉ាញមួយនេះ។
អតីតក្រុមជើងឯក La Liga ឆ្នាំ២០១៤ ខាងលើនេះ បានកំពុងឈរនៅកំពូលតារាងដ៏រឹងមាំ ដោយនៅសល់ ២ប្រកួតក្នុងដៃជាមួយនឹង ៥០ពិន្ទុនៅពេលក្រុមលេខ២ FC Barcelona មាន ៤០ពិន្ទុ និងក្រុមការពារតំណែងជើងឯក Real Madrid ឈរនៅលេខ៣ មាន ៤០ពិន្ទុដែរ និងនៅសល់ ១ប្រកួតដូចគ្នា៕