(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអបអរសាទរចំពោះជ័យលាភី នៃការបិទការប្រកួតកម្មវិធីវាយសីវិស័យយុត្តិធម៌ និងជំរុញឱ្យមានការចូលរួមកីឡាវាយសី ក្នុងវិស័យយុត្តិធម៌ ឱ្យមានការវិវឌ្ឍឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងបង្កើតឱ្យមានកម្មវិធីវាយសីយុត្តិធម៌នេះឱ្យឈានដល់ការបង្កើតឡើង ដើម្បីប្រមូលមូលនិធិមួយគាំទ្រក្នុងការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោក កើត រិទ្ធ ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតវាយសីវិស័យយុត្តិធម៌លើកទី៣ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌល Phnom Penh Badminton & Fitness Center។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា កម្មវិធីនេះគឺជាផ្នែកមួយជួយដល់សុខភាព និងបន្តបង្កើតដើម្បីគៀងគររកមូលនិធិជួយដល់កុមារកម្ពុជា។
ការប្រកួតវាយសីក្នុងវិស័យយុត្តិធម៌នេះ បង្កើតឡើងជា០២ក្រុម ដោយក្រុមទី១ មានចំនួន៤៤ក្រុម ចែកចេញជា០៦ជុំ ដោយបង្កើតជាក្រុមជ័យលាភី ចំនួន ២២ក្រុម ដែលជាក្រុមប្រកួតឈ្នះក្នុងចំណោម៤៤ក្រុម ដោយបង្កើតឱ្យមានជ័យលាភីពីលេខ១ ដល់លេខ៤។ ហើយគណៈកម្មការបង្កើតជាក្រុមកិត្តិយស ចំនួន ២២ក្រុម ដែលជាក្រុមប្រកួតចាញ់ក្នុងចំណោម ៤៤ក្រុម ដោយបង្កើតឱ្យមានអ្នកឈ្នះ១ក្រុម។ ក្នុងនោះក៏មានក្រុមទី២ ដែលជាក្រុម All-STAR មានចំនួន៨ក្រុម ដែលបង្កើតឱ្យមាន អ្នកឈ្នះលេខ១ និងលេខ២។
ការបង្កើតការប្រកួតវាយសីវិស័យយុត្តិធម៌មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និង ក្រឡាបញ្ជី ដែលសុទ្ធសឹងជាមន្ត្រីអនុវត្តផ្នែកច្បាប់។
សូមបញ្ជាក់ថា កម្មវិធីប្រកួតវាយសីថ្ងៃនេះ រៀបចំជាឡើងជាលើកទី៣ បន្ទាប់ពីការបង្កើតឡើង និងកាប្រកួតកាលពី ឆ្នាំ២០១៩ និងឆ្នាំ២០២០ ចំនួន២ដងរួចមកហើយ។ កម្មវិធីនេះបានបញ្ចប់ បន្ទាប់ពីពីគណៈអធិបតីអញ្ជើញ ប្រគល់ពានរង្វាន់ និងសម្ភារកីឡា ដល់ជ័យលាភី ប្រកបដោយភាពស្និទ្ធស្នាល ហើយកីឡាករទាំងអស់ ទទួលស្វាគមន៍យ៉ាងក្រៃលែងនូវអនុសាសន៍របស់រដ្ឋមន្ត្រី ដើម្បីបន្តស្មារតីកីឡា និងជាការចូលរួមចំណែកបន្តទៀត ក្នុងគោលបំណងពង្រីកឱ្យទៅជាផ្នែកមួយនៃការប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕