(ភ្នំពេញ)៖ ភោជនីយដ្ឋានដ៏ល្បីមានប្រភពចេញពីផ្សាររាត្រី នៅក្រុងតៃប៉ិ កោះតៃវ៉ាន់ បានសម្ពោធសាខាជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី ក្រោមវត្តមានរបស់ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ី អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់។

ក្នុងពិធីសម្ពោធនោះដែរ លោក Sean Chanratana ជានាយកប្រតិបត្តិការ និងជាអ្នកតំណាងឱ្យថ្នាក់គ្រប់គ្រង និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Golden Dynasty Dragon ដែលជាក្រុមហ៊ុនទទួលសិទ្ធិក្នុងការនាំនូវម៉ាកសញ្ញាភោជនីយដ្ឋានដ៏ល្បីនេះ មកទីផ្សារកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ការបើកសម្ពោធហាង Shihlin Taiwan Street Snack នៅថ្ងៃនេះ វាមិនមែនជាការសម្រេចរយៈពេលខ្លីនោះទេ។ យើងមើលឃើញពីទីផ្សារដែលមានសក្ដានុពលខ្លាំងសម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានផ្ដល់ឱ្យកំណើនសេដ្ឋកិច្ច និងនិន្នាការទទួលទានអាហារខាងក្រៅរបស់ប្រទេសយើង។ បើទោះបីជាមានហាងអាហារបែបនេះមានច្រើននៅភ្នំពេញ ប៉ុន្ដែយើងបានរកឃើញលក្ខណៈប្លែក និងពិសេសមួយរបស់ Shihlin Taiwan Street Snack»។

លោកបានបន្តថា ភោជនីយដ្ឋាន Shihlin Taiwan Street Snack គឺជាហាងអាហារមួយមកពីតៃវ៉ាន់ ដែលមានប្រភពចេញពីផ្សាររាត្រី នៅក្រុងតៃប៉ិ ដែលជាទីប្រមូលផ្ដុំ ប្រជាជនតៃវ៉ាន់រាប់ពាន់នាក់ ទៅទីនោះ ដើម្បីស្វែងរកអាហារសម្រន់ដែលខ្លួនចូលចិត្ត និងមានរសជាតិឆ្ងាញ់ ទាំងនៅតាមផ្លូវតូចៗ ក៏ដូចជាផ្លូវលំ។

បច្ចប្បន្នភោជនីយដ្ឋាន Shihlin Taiwan Street Snack កំពុងមានវត្តមាននៅ ៧ប្រទេសជុំវិញពិភាព រួមមានសហរដ្ឋអាមេរិក សិង្ហបុរី អេហ្សិប ព្រុយនេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ផងដែរ។

តាមរយៈជោគជ័យកន្លងមក លោកជឿជាក់ថា Shihlin Taiwan Street Snack នឹងទទួលការគាំទ្រពីសំណាក់អតិថិជនកម្ពុជា ហើយនឹងអាចក្លាយជាហាងអាហារនាំមុខគេ នៅក្នុងប្រទេសកម្ពុជា នៅរយៈពេល ៣ឆ្នាំខាងមុខ។ បច្ចុប្បន្ននេះលោកអ្នកអាចស្វែងរកអាហារឆ្ងាញ់ៗពីហាង Shihlin Taiwan Street Snack នៅសាខា អ៊ីដេន ហ្គាដេន និងសាខា អ៊ីអន សែន សុខ។

អ្នកគ្រប់គ្រងរូបនេះបានបន្ថែមទៀតថា ក្នុងពេលដ៏ដីខ្លីខាងមុខក្រុមហ៊ុនលោកនឹងមានគម្រោងនឹងបើកសម្ពោធសាខាបន្តបន្ទាប់ទៀតនៅតំបន់ផ្សេងទៀតនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តផងដែរ ដើម្បីពង្រីកយីហោរបស់ខ្លួន ក៏ដូចជាលើកកម្ពស់ការប្រកបអាជីវកម្មនៅកម្ពុជា៕