(ភ្នំពេញ)៖ ប៉ុស្តិ៍ទូរទស្សន៍ដែលមានកម្រិតរូបភាពច្បាស់ខ្លាំងទម្រង់ 8K នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានដាក់ដំណើរការសាកល្បងចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការណ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន និងជាអគ្គនាយក CMG បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការសាកល្បង ក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំប្រតិបត្តិការទូរគមនាគមន៍ផងដែរ។

តាមការបញ្ជាក់បានឱ្យដឹងថា នេះជាការផ្សាយផ្ទាល់សាកល្បងតាមទម្រង់រូបភាពភ្លឺច្បាស់ខ្លាំងកម្រិត 8K តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងលើសកលលោក ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺមានការផ្សាយបន្តផ្ទាល់តាមបណ្តាញអ៊ីនធើណេតកម្រិត 5G ទៀតផង។

សូមបញ្ជាក់ថា នៅយប់ដាច់ឆ្នាំនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (ថ្ងៃទី១១ខែកុម្ភៈ) ខាងមុខនេះ CMG នឹងធ្វើការផ្សាយផ្ទាល់អំពីកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមរយៈប៉ុស្តិ៍ 8K ដែលជាការផ្សាយផ្ទាល់ជាលើកទីមួយលើលោកនៃបច្ចេកទេសភ្លឺច្បាស់ខ្លាំងទម្រង់ 8K ៕