(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកដំណើរការជាផ្លូវការសាខាកម្រិតវិទ្យាល័យរបស់ខ្លួននៅទីតាំងថ្មី ដែលស្ថិតនៅលើដីឡូត៍លេខ៨៣៩ ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទីតាំងថ្មីនេះគឺជាទីតាំងដែលប្រកបដោយប្រណិតភាព ភាពទំនើបទាន់សម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសិក្សាធិការរបស់សិស្សានុសិស្សនាយុគសម័យឧស្សាហកម្ម៤.០។ ថ្នាក់រៀន បណ្ណាល័យ ការិយាល័យ សហសាលពហុបំណង ទីកន្លែងលេងកីឡា និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀត សុទ្ធសឹងតែត្រូវបានបំពាក់ដោយបរិក្ខារទំនើបទាន់សម័យ ដើម្បីផ្តល់ជូននូវបរិយាកាសសិក្សាដែលប្រកបគុណភាព និងនវានុវត្តន៍។ ការចាប់ផ្តើមនៅថ្ងៃដំបូងនៃការបើកដំណើរការ សាខាថ្មីនេះ មានសិស្សកម្រិតវិទ្យាល័យចំនួនជាង៦០០នាក់។

លោក ម៉ាក ផាកយិនសុន នាយកប្រតិបត្តិរបស់សាលា បានលើកឡើងថា «ការបើកដំណើរការសាខាថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំអភិវឌ្ឍខ្លួនឥតឈប់ឈររបស់សហគមន៍សាលា ទាំងមូលតាមរយៈការពង្រីកខ្លួន ពីមួយសាខាមកចំនួន៣ទីតាំង ដែលបាននិងកំពុងបើកដំណើរការនាពេលបច្ចុប្បន្ន ដែលរួមមានទីតាំងគោលដែលស្ថិតនៅបណ្ដោយផ្លូវ២០០៤ សាខាច្បារអំពៅដែលស្ថិតនៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទីតាំងវិទ្យាល័យស្ថិតនៅតាម ផ្លូវឌួងងៀបដែលត្រូវបានបើក ដំណើរការនៅថ្ងៃនេះ។ ការខិតខំពង្រីកខ្លួននេះក៏ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សចុះឈ្មោះចូលរៀន និងបន្តបេសកកម្មរបស់សាលាក្នុងការផ្តល់ការអប់រំកម្រិតស្តង់ដា អន្តរជាតិជាមួយនឹងថ្លៃសាលា ដែលអាចទទួលយកបាន»

សូមជម្រាបជូនថា ការវិវត្តន៍ខ្លួនរបស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សុទ្ធតែធ្វើឡើងក្រោមការត្រួតពិនិត្យ និងទទួលស្គាល់ដោយគណៈកម្មការវាយតម្លៃ និងទទួលល់គុណភាពអប់រំអន្តរជាតិ(WASC) ដែលមានន័យថា ការអភិវឌ្ឍនេះឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិដែលបានកំណត់ដោយគណៈកម្មការវាយតម្លៃគុណភាពមួយនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអឺមែល៖ [email protected]