(ភ្នំពេញ)៖ មានសិល្បករនិងសិល្បការិនីល្បីៗ ជាច្រើនបានចូលរួមគ្នាសហការជាមួយលោក តាន់ គឹមសួរ បានបង្កើតផ្នត់គំនិតក្នុងនៃការពារព្រៃឈើ ដោយមានឈ្មោះថា «ព្រឹត្តិការណ៍បៃតងសង្រ្កាន្ត» ដែលនឹងរៀបចំឡើងនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ ដោយកម្មវិធីនេះបង្កើតឡើងក្នុងអត្ថន័យរួមចំណែកការពារលើកស្ទួយវប្បធម៌និងអភិរក្សព្រៃឈើកម្ពុជាក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើង។

សិល្បករល្បីៗ ជាច្រើនទាំងបុរសនិងនារីបានបង្ហាញស្នាមញញឹម ចំពោះការរួមគ្នាគាំទ្របង្តើតចលនាផ្នត់គំនិតនេះឡើងក្នុងអត្ថន័យ ធ្វើការផ្សាភ្ជាប់រវាងមនុស្សនិងធម្មជាតិ មនុស្សនិងលិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបណ្ដុះមនសិការយុវជនឱ្យចេះស្រឡាញ់ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍ សម្បត្តិធម្មជាតិ មរតកវប្បធម៌ជាតិ ដែលមានលោក តាន់គឹមសួរ ជាប្រធានគម្រោង ដែលព្រឹត្តិការណ៍បៃតងសង្រ្កាន្ត នឹងចាប់ផ្តើមពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះនៅឯទំនប់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមការគ្រោងទុកកម្មវិធីឆ្នាំនេះ នឹងមានទំហំធំជាងលើកមុនៗ ក្រោមហេតុផល ៣ចំណុចមាន៖

ទី១៖ ជាចំណែកមួយនៃការលើកស្ទួយវិស័យវប្បធម៌ខ្មែរយើង គាស់កកាយឡើងវិញនូវវប្បធម៌ដែលមិនសូវមានអ្នកស្គាល់។

ទី២៖ ជាចំណែកមួយនៃការបំផុសបំផុលឲ្យប្រជាជនយើងមានការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើ និងឈានឆ្ពោះទៅដល់ការកាត់បន្ថយ និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងសម្លាប់សត្វព្រៃ។

ទី៣៖ បង្កើនចំណូលដល់ប្រជាជននៅតំបន់ដែលកំពុងតែមានការកាប់ទន្ទ្រានព្រៃយ៉ាងអនាធិបតេយ្យ៕