(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ត្រៀមរដូវកាលថ្មី Forward Pre-Season Cup 2021 ដែលចាប់ផ្តើមនៅថ្ងៃទី០៥ ខែកុម្ភៈខាងមុខនេះ ក្រុមសិង្ហក្រហមភ្នំពេញក្រោន នឹងត្រូវតតាំងជាមួយក្រុមអង្គរថាយហ្គឺរ នាម៉ោង ៦៖០០នាទីល្ងាចនៅកីឡដ្ឋានព្រីនស៍ ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់វិសាខា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Oleg Starynskyi ដែលជាគ្រូបង្វឹកក្រុមឈុតធំក្រោនបានលើកឡើងស្តីពីការចូលរួមនេះថា «វាជារឿងដែលល្អសម្រាប់យើងក្នុងការរៀបចំ ព្រោះដៃគូប្រកួតរបស់យើង សុទ្ធតែអាចជួបគ្នាក្នុងការប្រកួតលីគ ហើយក្រុមទាំងអស់សុទ្ធតែមានបំណងប្រាថ្នាក្នុងការឈ្នះពានរង្វាន់លីគទៀតផង។ នេះគឺជាឱកាសល្អមួយសម្រាប់យើងក្នុងការប្រៀបធៀបខ្លួនជាមួយនឹងពួកគេ។ អ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែចង់ឈ្នះការប្រកួត នៅពេលដែលពួកយើងបានត្រៀមខ្លួនរួចរាល់ហើយដែរ»

ការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាលដែលមាន៤ក្រុមចូលរួមនោះរួមមាន វិសាខា ភ្នំពេញក្រោន ក្រុមអង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង។ ការប្រកួតពាននេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅកីឡដ្ឋានព្រីនស៍តែមួយគត់៕