(ពិភពលោក)៖ ដូចដែលយើងបានដឹងហើយថា មនុស្សចាប់ផ្ដើមចេះធ្វើដំណើរតាមផ្លូវសមុទ្រ និងចេះបង្កើតច្បាប់ដើរសមុទ្រតាំងពីប្រមាណ ៥០០០ ឆ្នាំមុនមកម្ល៉េះ ក្នុងនោះពួកជនជាតិស្វ៉ីនិក (Phoenicians) និងជនជាតិប៉ូលីនេស៉ី (Polynesians) គឺជាអ្នកជំនាញខាងដើមសមុទ្រមុនគេ ក្រោយមកក៏មានពួកជនជាតិក្រិក និងជនជាតិរ៉ូម៉ាំង ដោយពួកគេបានបង្កើតច្បាប់វិន័យជាច្រើនសម្រាប់ការធ្វើដំណើរនៅលើសំពៅ ដែលមានភាពសាហាវៗបំផុត។

តើអ្នកដឹងទេថា ច្បាប់ដើរសមុទ្ររបស់ពួកអឺរ៉ុបទាំងនេះមានភាពសាហាវឃោរឃៅយ៉ាងណាខ្លះ?

កាលពីជាង ៥០០០ ឆ្នាំមុន ពួកជនជាតិស្វ៉ីនិក និងជនជាតិប៉ូលីនេស៉ី ចាប់ផ្ដើមចេះធ្វើដំណើរតាមផ្លូវសមុទ្រ ដោយពួកគេចេះបង្កើតសំពៅធំៗ ហើយក៏ចាប់ផ្ដើមចេះធ្វើជំនួញពាណិជ្ជកម្មតាមផ្លូវសមុទ្រនៅក្នុងលម្ហសមុទ្រមេឌីទែរ៉ាណេ។ ទន្ទឹមនឹងការរីកចម្រើននៃអារ្យធម៌របស់ពួកជនជាតិក្រិក និងជនជាតិរ៉ូម៉ាំងបុរាណ ពួកគេក៏បានវាតទីដណ្ដើមកាន់កាប់ផ្លូវសមុទ្រពីពួកជនជាតិស្វ៉ីនិក និងប៉ូលីនេស៉ី។

ពួកជនជាតិក្រិក និងជនជាតិរ៉ូម៉ាំង ក៏បានធ្វើកិច្ចព្រមព្រៀងទ្វេភាគីជាមួយគ្នាមួយដែលគេហៅថា «ច្បាប់សមុទ្ររ៉ូឌីយ៉ា ឬ Rhodian Sea Law» ដែលជាច្បាប់គ្រប់គ្រងពាណិជ្ជកម្ម នេសាទ និងអភ័យឯកសិទ្ធិនាវាចម្បាំងនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ។

ទោះបីមានច្បាប់នេះសម្រាប់ប្រើប្រាស់យ៉ាងនេះក្ដី ក៏ពួកគេនៅមានច្បាប់វិន័យរៀងៗខ្លួនសម្រាប់ការធ្វើដំណើរផ្លូវសមុទ្រផងដែរ។

ខាងក្រោមនេះ ជាច្បាប់ដែលពួកអ្នកដើរសមុទ្រសម័យបុរាណតែងប្រកាសប្រាប់អ្នកជិះនៅលើសំពៅ នៅមុនពេលចេញដំណើរទៅកាន់សមុទ្រ ក្នុងនោះរួមមាន៖

* ជនណាសម្លាប់មនុស្សនៅលើសំពៅ នឹងត្រូវចង់ភ្ជាប់ជាមួយអ្នកស្លាប់ហើយ បោះចូលទៅក្នុងសមុទ្រ។

* ជនណាសម្លាប់មនុស្សលើដីគោក នឹងត្រូវចង់ភ្ជាប់ជាមួយអ្នកស្លាប់ ហើយកប់ក្នុងដី។

* ជនណាប្រើប្រាស់កាំបិតចាក់មនុស្សរហូតដល់ហូរឈាម ដោយមានសាក្សីដឹងឮ ជននោះនឹងត្រូវផ្តន្ទាទោសដោយកាត់ដៃម្ខាង។

* ជនណាវាយមនុស្សដោយប្រើកណ្ដាប់ដៃ ប៉ុន្តែមិនចេញឈាម ជននោះនឹងត្រូវចាប់ជ្រមុជក្នុងទឹកចំនួន ៣ ដង។

* ជនណាជេរប្រមាថមិត្តរួមការងារ ឬចោទប្រកាន់ថា ព្រះ ទ្រង់ស្អប់ខ្ពើម ជននោះត្រូវសងសំណងជាប្រាក់សុទ្ធទៅតាមចំនួនដងនៃការជេរនោះ (ក្នុងមួយដង ១ អោនស៍)។

* ជនណាលួចរបស់គេ នឹងត្រូវកោរសក់ស្រោចជ័រខ្មៅក្ដៅលើក្បាល ដើម្បីឱ្យគេស្គាល់ជាសាធារណៈ ហើយនៅពេលនាវាទៅដល់ដីគោកដំបូង ជននោះនឹងត្រូវបោះបង់ចោលនៅទីនោះ។

សូមជម្រាបថា គេតែងឃើញមានបណ្ដាក្រមវិន័យទាំងនេះ ប្រើសម្រាប់តែក្រុមអ្នកដើរសមុទ្រនៅក្នុងលម្ហសមុទ្រមេឌីទែរ៉ាណេប៉ុណ្ណោះ រហូតដល់មានច្បាប់ទំនើបៗនាសម័យក្រោយមកទៀត ទើបគេបោះបង់ក្រមវិន័យឃោរឃៅទាំងនេះចោល លែងអនុវត្តមកជារៀងរហូត៕